អត់ដែលដឹងថា នៅខេត្តមណ្ឌលគិរីមានដែនកោះ ស្អាតដល់ម្លឹងសោះ
កោះម្យើលើ ជារមណីយដ្ឋានទេសចរថ្មីមួយ ដែលមានភាពស្រស់ស្អាតយ៉ាងខ្លាំង ហើយក៏កំពុងតែទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសជាតិផងដែរ កោះម្យើលើនេះ មានទីតាំងស្ថិតនៅក្នុង ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
កោះម្យើលើនេះ មានចម្ងាយពីទីរួមខេត្ត ១៣០គីឡូម៉ែត និង មានចម្ងាយពីទីរួមស្រុកកោះញែក ប្រមាណជា ៤៧ គីឡូម៉ែត លក្ខណៈពិសេស នៅទីនោះមានឆ្នេរខ្សាច់ ទឹកទន្លេរាក់ៗទឹកជួរ និង មានម្លប់ដើមរៃ លើមាត់ច្រាំងទន្លេមានរុក្ខជាតិ ដុះចោលម្លប់ត្រជាក់យ៉ាងត្រឈឹងត្រឈៃ សម្រាប់ភ្ញៀវអង្គុយលេង យ៉ាងសប្បាយរីរាយ ។
កោះម្យើលើ ជារមណីយដ្ឋានបែបធម្មជាតិមួយត្រូវបានគេស្គាល់នាអំឡុងឆ្នាំ ២០១៦មក ជាទូទៅភ្ញៀវមកពីក្នុងខេត្ត បណ្ដាខេត្តផ្សេងៗ និង រាជធានីភ្នំពេញ បាននាំគ្នាទៅលេងនៅទីនោះយ៉ាងច្រើន ។
កោះម្យើលើ ជាទីកន្លែងគោរពសក្ការៈរបស់អ្នកភូមិ ហើយនៅចំកណ្ដាលកោះមានខ្ទមអ្នកតាមួយ ដែលប្រជាជនតែងតែទៅបន់ស្រន់សុំសេចក្ដីសុខតៗគ្នាពីបុរាណមកមកម្ល៉េះ ដោយចាស់ៗបានដំណាលថា កាលពីសម័យសង្រ្គាមជប៉ុន វាយបារាំងពួកបារាំងរត់ទៅពួននៅទីនោះ ដោយឱ្យអ្នកភូមិជួយបន់អ្នកតាឱ្យជួយ លាក់បំពួនរហូតដល់ជប៉ុនរកមិនឃើញ ។
កោះនោះ នៅមានចំណុចពិសេសមួយទៀត ដែលអ្នកភូមិនៅមានជំនឿ មកដល់បច្ចុប្បន្ននេះ គឺហាមកាប់ឈើ ធំៗ ឬ បំផ្លាញព្រៃនៅទីនោះ បើអ្នកណា ហ៊ានកាប់ គឺមានជំងឺរាតត្បាតដល់អ្នកភូមិតែម្ដង។ ក្រៅពីកោះម្យើលើ ក៏មានកោះជាច្រើនទៀត ដូចជាកោះគូ កោះតេន កោះជា កោះឡាក់ កោះវើនខ្វាយ ជាដើម ៕
ដោយ៖ សុថាត់