តិចច្រឡំស្រុកគេទៅ! កោះឋានសួគ៌ ឆ្នេរភ្លោះ កន្លែងលម្ហែកាយស្អាតអស្ចារ្យបំផុតនៅកម្ពុជា
ស្ថិតនៅកណ្ដាលមហាសាគរនៃខេត្តព្រះសីហនុ កោះឋានសួគ៌ ឆ្នេរភ្លោះ ជារីសតមួយដ៏ល្អប្រណិត ប្រកបដោយទេសភាពដ៏ស្រស់បំព្រង ខ្យល់អាកាសល្អបរិសុទ្ធ ស័ក្ដិសមបំផុត សម្រាប់អ្នកចូលចិត្តជីវិតឯកជន និង ភាពស្ងប់ស្ងាត់ ។ នៅទីនោះមានបឹងកាឡូស្នាក់នៅស្អាតៗ រំលេចជាមួយពណ៌ឆើតឆាយ គួរឲ្យចង់សម្រាកលម្ហែកាយបំបាត់នូវរាល់ភាពធុញថប់ទាំងឡាយឱ្យរសាត់ចេញឆ្ងាយឲ្យអស់ ។
ភ្ញៀវទេសចរដែលទៅកម្សាន្តនណៅកោះឋានសួគ៌ នឹងទទួលបាននូវអារម្មណ៍ពិសេសប្លែកបំផុតជាមួយឆ្នេរខ្សាច់សក្បុស និង ទឹកសមុទ្រពណ៌ស្អាតខ្លាំងដូចផ្ទៃមេឃ ។ អ្វីដែលទាក់ចិត្តក្រៃលែងនោះ កោះឋានសួគ៌ឆ្នេរភ្លោះ មានព្រៃដូងរាប់ម៉ឺនដើមដែល ដាំជាជួរយ៉ាងមានរបៀប អាចជិះទូកទស្សនាមច្ឆាសមុទ្រ ផ្កាថ្ម មានដងព្រែកទឹករាក់ឆ្លុះឃើញត្រីហែលជាក្រុមៗ និងព្រៃភ្នំធម្មជាតិដ៏ត្រកាល ។ ទាំងនេះហើយទើបគេប្រសិទ្ធភាពទីនេះថា ជាកោះឋានសួគ៌ គឺស្អាតខ្លាំងរកអ្វីប្រៀបប្រដូចពុំបាន ។
កាន់តែពិសេសនោះ នៅទីនោះមានជាក្យូសសម្រាកលម្ហែកាយ អនុញ្ញាតឲ្យអ្នកទៅលេងកម្សាន្តវេចខ្ចប់អាហារពីខាងក្រៅទៅញ៉ាំទៀតផង ។ ចំណែកឯការជិះទូកកម្សាន្តគយគន់ទេសភាពនៅតាមដងព្រែក មើលផ្កាថ្ម គឺមានអ្នកមគ្គុទេសអមដំណើរទៅជាមួយដោយមិនមានការព្រួយបារម្ភអ្វីឡើយ ។
ដើម្បីធ្វើដំណើរទៅដល់ទីនោះ ភ្ញៀវទេសចរគ្រាន់តែទៅកាន់កំពង់ផែអូរឈើទាលជាចំណតនាវាល្បឿនលឿន Island Speed Ferry Cambodia ដែលមានភារៈជូនភ្ញៀវដល់គោលដៅ តម្លៃត្រឹមតែ ២៧ ដុល្លារប៉ុនណោះទាំងទៅទាំងមក ។ ផ្ដើមដំណើរពីកំពង់ផែអូរឈើទាល អ្នកដំណើរត្រូវឆ្លងកាត់ក្បែរកោះរ៉ុង ទៅឆ្នេរ Long Beach ឆ្នេរសុខសាន្ដ ទើបទៅដល់កោះឋានសួគ៌ ឆ្នេរភ្លោះដែលប្រើពេល ១ ម៉ោង ២០ នាទី ។
ចំពោះការស្នាក់នៅវិញមានផ្ទះ បន្ទប់ ច្រើនប្រភេទ និង តម្លៃខុសៗគ្នាដូចជា បឹកកាឡូគេងគ្នា ៤ នាក់ប្រើកង្ហា តម្លៃ ៧០ ដុល្លារក្នុងមួយយប់ បឹកកាឡូគេងគ្នា ៤ នាក់ប្រើម៉ាស៊ីនត្រជាក់ តម្លៃ ១០០ ដុល្លារក្នុងមួយយប់ បន្ទប់ប៊ូទិកប្រភេទថ្មមួយយប់តម្លៃ ១២០ ដុល្លារគេង ៤ នាក់មាន Free អាហារពេលព្រឹកសម្រាប់ ២ នាក់ ។ ក្រៅពីនេះមានតង់ធំតម្លៃ ៨០ ដុល្លារ គេងបាន ៦ នាក់ និង តម្លៃ ២៥ ដុល្លារគេងបានគ្នា ២ នាក់ ៕