ណាត់គ្នាឱ្យហើយទៅ ខែក្រោយនេះឈប់ទៀតហើយ ទៅលេងរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង !
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង សូមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាក់ខាងមុននេះ ។ តោះណាត់គ្នាទៅលេងទាំងអស់គ្នា ព្រោះនៅត្រឹមខេត្តពោធិ៍សាត់យើងទេ ។
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និង ចម្ងាយ១៩៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវលេខ ៥៣B ពីប្រជុំជនស្រុកក្រគរ ដែលមានចម្ងាយ ៤១ គីឡូម៉ែត្រ ទើបដល់រមណីយដ្ឋាន ។
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលអ្នកស្រុកនិយមហៅតៗ គ្នាថា ទឹកធ្លាក់តំបន់យ៉ោក ។ តំបន់រមណីយដ្ឋាននេះ នៅចន្លោះកណ្តាល ភ្នំព័ទ្ធ មានព្រៃឈើខ្ពស់ៗ ដុះលម្អ និង មានប្រភេទឈើមានតម្លៃជាច្រើនប្រភេទដូចជា ខ្លុង ត្បែង ធ្នង់ នាងនួន ស្រឡៅ សុក្រម ព្រះភ្នៅ ខ្លឹមច័ន្ទ ផ្ចឹក រាំងភ្នំ កកោះ ផ្តៀក គគីរ ។ល។ រីឯសត្វព្រៃវិញ មានដូចជាខ្លា ឈ្លួស ប្រើស ស្វា ជ្រូកព្រៃ ទោចជាដើម ។
នៅក្នុងរមណីយដ្ឋាននេះ មានកន្លែងកម្សាន្តជាច្រើនកន្លែង ដោយធ្វើការបែងចែកជាដំណាក់ៗ សម្រាប់ភ្ញៀវទេសចរទស្សនា កម្សាន្តដូចជាទី១ ដំណាក់ តាង៉ុក គយ , ទី២ ដំណាក់កោះយាយចាំតា, ទី៣ ដំណាក់ទឹកឈូរ ,ទី៤ ដំណាក់មនោរម្យ ,ទី៥ ដំណាក់ថ្មសណ្តូក ,ទី៦ ទឹកជ្រោះដំណាក់ព្រះ , ទី៧ ដំណាក់ម្លប់ជ្រៃក្រឹម, ទី៨ ដំណាក់កោះសុបិន្ត, ទី៩ ដំណាក់ទឹកធ្លាក់ ,ទី១០ ដំណាក់កោះដាច់, ទី១១ ដំណាក់កោះភ្ញៀវ។ ហើយតំបន់ទេសចរណ៍ធម្មជាតិមួយនេះមានលក្ខណៈពិសេស៣ធ្វើឱ្យអ្នកចូលកម្សាន្តចាប់អារម្មណ៍យ៉ាងខ្លាំងគឺ ទី១ មានទឹកថ្លាត្រជាក់ ,ទី២ មានទេសភាពស្រស់ស្អាត និង ទី៣ មានទឹកជ្រោះធ្លាក់ច្រើនដំណាក់គួជាទីគយគន់ ៕
ដោយ៖ សុថាត់
ប្រភព៖ មន្ទីរទេចរខេត្តពោធិ៍សាត់