មកលេងខេត្តប៉ៃលិន កុំភ្លេចមកលេងទឹកជ្រោះក្បាលបរហ៊ុយ
ពេលនេះ យើងសូមនាំលោកអ្នកទៅធ្វើដំណើរទសនាចរជាមួយ ទឹកជ្រោះក្បាលបរហ៊ុយ ឬ ទឹកធ្លាក់ក្បាលដំរី ដែលស្ថិតនៅលើទឹកដីត្បូង ពេជ្រ នៃខេត្តប៉ៃលិនវិញម្តងដែលយើងពិបាក នឹងរកអ្វីមករៀបរាប់ប្រដូចនូវទេសភាព និងទិដ្ឋភាពទីនោះឱ្យសាកសម្យបានឡើយ។
ទឹកជ្រោះក្បាលបរហ៊ុយស្ថិតនៅក្នុងភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានសម្រស់ធម្មជាតិដ៏ល្អឯគ្មានពីរបានលាក់ខ្លួនបំបាំងកណ្ដាលទ្រូងព្រៃ ដែលធ្វើឱ្យទេសចរណ៍ទាំងឡាយកាលណាបើបានឃើញ និងបានទៅដល់ហើយមានការត្រេតត្រអាលចង់ទស្សនាម្តងហើយចង់ទៅម្តងទៀត។ ដើម្បីទៅទីនោះត្រូវធ្វើឡើងទៅភ្នំក្បាលដំរីដើម្បីទៅដល់ចំណុចទឹកជ្រោះក្បាលបរហ៊ុយនេះ ទេសចរទាំងឡាយមិនអាចបើកបររថយន្តចូលទៅ លេងបានទេ បើអ្នកទេសចរចង់ទៅលេងត្រូវតែធ្វើដំណើរដោយថ្មើរជើងរយៈពេលប្រហែល២ម៉ោងក្នុងចម្ងាយផ្លូវជាង៣គីឡូម៉ែត្រ ទើបដល់។
ទឹកជ្រោះក្បាលបរហ៊ុយត្រូវអ្នកភូមិប្រៀបប្រដូចទៅនឹងកូនក្រមុំ ឬត្បូងមិនទាន់ច្នៃព្រោះអ្វីៗ នៅស្រស់ស្អាតទាំងអស់ នៅមិនទាន់មានការកែច្នៃហើយនៅសេសសល់ព្រៃឈើច្រើន និងមានទឹកធ្លាក់ត្រជាក់ ។
បើលោកអ្នកចង់ធ្វើដំណើរកម្សាន្តលេងទឹកធ្លាក់ទឹកជ្រោះក្បាលបរហ៊ុយឬទឹកធ្លាក់ក្បាលដំរីសូមធ្វើដំណើរតាមផ្លូវរមណីយដ្ឋានអាងជីងចក់ក្នុងរយៈចម្ងាយផ្លូវប្រមាណ៧ទៅ៨គីឡូចេញទីរួមខេត្តប៉ៃលិនហើយត្រូវធ្វើដំណើរដោយថ្មើរជើងចាប់ពីទឹកធ្លាក់ក្បាលអូរច្រាឆ្ពោះទៅទិសខាងលិចឆៀងខាងត្បូង។ នៅតាមដងផ្លូវអមដោយធម្មជាតិត្រជាក់ មានសត្វព្រៃសម្បូរបែបនិងផលានុផលច្រើនតៀតផង ៕