កន្លែងស្អាតបំផុតទាំង ១២ នៅក្នុងប្រទេសស្រីលង្កា
ថ្វីដ្បិតតែស្រីលង្កាជាកូនកោះតូចមួយមែន ប៉ុន្តែប្រទេសនេះសម្បូរទៅដោយរមណីយដ្ឋានប្រវត្តិសាស្ត្រ និង តំបន់ទេសចរណ៍ធម្មជាតិជាច្រើនសម្រាប់ភ្ញៀវទេសចរ ។ ឥលូវយើងទៅមើលទាំងអស់គ្នាមើលថា ក្នុងចំណោមរមណីយដ្ឋានស្អាតៗក្នុងប្រទេសស្រីលង្កា តើកន្លែងណាខ្លះដែលជាប់ជារមណីយដ្ឋានល្អដាច់គេទាំង ១២ របស់ប្រទេសមួយនេះ ?
១.ដុំថ្មផុស SIGIRIYA ត្រូវបានបញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌរបស់ UNESCO ។ ភ្ញៀវទេសចរអាចឡើងទៅលើកំពូលរបស់ SIGIRIYA ដើម្បីមើលទេសភាពដ៏ស្រស់ត្រកាលរបស់ព្រៃព្រឹក្សាដ៏ក្រាស់ឃ្មឹកនៅជុំវិញនោះបាន ។
២. ADAM’S PEAK គឺជាភ្នំដ៏ខ្ពស់មួយដែលស្ថិតនៅចំកណ្ដាលប្រទេសស្រីលង្កា ។ អ្នកស្រុកដែលរស់នៅក្បែរៗភ្នំនិយាយថា នៅកៀកនឹងកំពូលភ្នំ មានស្នាមព្រះបាតជាន់ទុករបស់ព្រះពុទ្ធ ។ ភ្ញៀវទេសចរទាំងអស់អាចឡើងទៅកំពូលភ្នំមុនពេលថ្ងៃរះ ដើម្បីផ្តិតយកនូវទស្សនីយភាពព្រះអាទិត្យរះដ៏ស្រស់ប្រិមប្រិយនាពេលព្រលឹម ។
៣. Galle គឺជាទីក្រុងដែលបន្សល់ឱ្យស្រីលង្កាដោយអាណានិគមប្រទេសហូឡង់ ។ ទីក្រុងនេះនៅជាប់នឹងឆ្នេរសមុទ្រ ហើយស្ថាបត្យកម្មទាំងឡាយគឺមានលំនាំដូចទៅនឹងសំណង់នៅហូឡង់ដែរ ។ ពេលអ្នកទៅដល់ទីនោះអ្នកនឹងមានអារម្មណ៍ថា អ្នកស្ថិតនៅទ្វីបអឺរ៉ុបអញ្ចឹង។
៤. ឧទ្យានជាតិ YALA ជាជម្រកនៃសត្វព្រៃជាច្រើនប្រភេទ ជាពិសេសខ្លារខិន។ ទីនេះក៏ជាកន្លែងអភិរក្សសត្វដំរីដ៏ធំមួយប្រទេសផងដែរ ។
៥. ប្រាសាទ Polonnaruwa គឺជាកន្លែងពិសេសសម្រាប់អ្នកដែលចូលចិត្តទេសចរណ៍បែបប្រវត្តិសាស្ត្រ ។ វាគឺជាបណ្ដុំនៃផ្នូរបុរាណ ប្រាសាទ រូបចម្លាក់ ក៏ដូចស្ថាបត្យកម្មដែលទាក់ទងជាច្រើនទៀតទៅនឹងប្រវត្តិសាស្ត្រ ។
៦. ក្រុង Bentota ៖ សម្រាប់អ្នកដែលចូលចិត្តទេសចរណ៍នៅតំបន់សមុទ្រមិនគួរមើលរំលងទីនេះទេ ។ ទីនេះមានឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រថ្លាឆ្វង់ដូចកញ្ចក់ រួមទាំងអូតែលប្រណីតៗសម្រាប់ភ្ញៀវទេសចរស្នាក់អាស្រ័យ ហើយនៅក្បែរនោះកន្លែងភ្ញាស់អណ្ដើកសមុទ្រផងដែរ ។
៧. Kandy ជាកូនទីក្រុងអណ្ដែតទឹក ដែលហ៊ុំព័ទ្ធទៅដោយភ្នំខ្ពស់ៗ ។ ទីនេះក៏ជាសម្បត្តិបេតិកភ័ណ្ឌរបស់ UNESCO ផងដែរ ។ បើអ្នកបានទៅនោះ សូមកុំភ្លេចទៅលេងតំបន់ Temple of The Tooth ដែលជាកន្លែងតម្កល់ធ្មេញរបស់ព្រះពុទ្ធ។
៨.NuwaraEliya ក៏ជាកូនទីក្រុងមួយដែលហ៊ុំព័ទ្ធទៅដោយភ្នំខ្ពស់ៗដួច Kandy ដែរ ។ សំណង់នៅទីនេះមានលំនាំដូចជាសំណង់នៅឯប្រទេសអង់គ្លេស ។ ទីនេះមានរមណីយដ្ឋានធម្មជាតិជាច្រើនរាប់មិនអស់ដូចជា ទឹកធ្លាក់, ភ្នំខ្ពស់ៗជាច្រើន ។ ក្រៅពីរមណីយដ្ឋានធម្មជាតិនានា ទីនេះក៏ល្បីដោយសារតែជាកន្លែងផលិតតែដ៏ធំមួយប្រចាំប្រទេសស្រីលង្កាផងដែរ ។
៩. Arugam Bay ៖ ទីនេះទាក់ទាញភ្ញៀវដែលចូលចិត្តជិះស្គីលើទឹកមកពីជុំវិញពិភពលោក ។ ពេលដែលមានអារម្មណ៍ថានឿយពីកម្ដៅព្រះអាទិត្យ និងទឹកសមុទ្រ នៅក្បែរនោះក៏មានប្រាសាទបុរាណ និង ឧទ្យានជាតិសម្រាប់អ្នកទៅទស្សនាដែរ។
១០. Dambulla ៖ តំបន់នេះជាល្អាងភ្នំដែលមានប្រាសាទជាច្រើននៅខាងក្នុង ។ ក្រៅពីប្រាសាទនានា នៅតាមល្អាងភ្នំ ក៏មានចម្លាក់ និង ផ្ទាំងគំនូរដែលរៀបរាប់ពីពុទ្ធប្រវត្តិផងដែរ ។ មិនត្រឹមតែពុទ្ធប្រវត្តិទេ អាទិទេពនានា និង ស្ដេចដែលប្រជាជនគោរព និង បូជា ក៏ត្រូវបានឆ្លាក់ និង គូរ ហើយយកមកតម្កល់នៅទីនេះផងដែរ ។ តំបន់នេះមានផ្ទៃដីសរុបប្រមាណ ២,១០០ គីឡូម៉ែតការេ។
១១. Mirissa ៖ ជាភូមិជាប់មាត់សមុទ្រ ដែលមានឆ្នេរជាច្រើនលាក់ខ្លួននៅទីនោះ ។ ទឹកសមុទ្រទៀតសោតក៏ពណ៌បៃតងខ្ចី ធ្វើឱ្យអ្នកដែលបានទៅដល់ហើយពិបាកនិយាយពាក្យថាលាពីកូនភូមិមួយនេះណាស់ ។ ភូមិនេះមិនទាន់ទទួលបានការអភិវឌ្ឍជាដុំកំភួនប៉ុន្មានទេ ដូច្នេះសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ គឺពិតជាជាប់ចិត្តនឹងភូមិនេះតែម្ដង ។ ភូមិនេះល្បីដោយសារតែជាកន្លែងមើលត្រីផ្សោត និង បាឡែនដ៏ពេញនិយម ។
១២. PINNAWALA ELEPHANT ORPHANAGE ៖ ថ្វីដ្បិតតែស្ថិតនៅតាមដងទន្លេក៏ពិតមែន ប៉ុន្តែទីនេះជាមជ្ឈមណ្ឌលថែទាំ និង ចិញ្ចឹមសត្វដំរីព្រៃដ៏មានសក្ដានុពលប្រចាំប្រទេសស្រីលង្កា ។ គិតមកទល់ពេលនេះ មានសត្វដំរីប្រមាណជាង ១០០ ក្បាល កំពុងរស់នៅទីនេះ ។ ភ្ញៀវទេសចរដែលស្រឡាញ់សត្វ អាចមកគយគន់ និង ស្វែងយល់ពីសត្វពាហនៈគោកដែលធំជាងគេនៅទីនេះបាន ។
ដោយ៖ រិទ្ធី
ប្រភព៖ theculturetrip