បានទៅលេងខេត្តប៉ៃលិន កុំភ្លេចចូលទៅកម្សាន្តនៅរមណីយដ្ឋានសេកសក
សេកសកជាទីរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលមានឈ្មោះបោះសំឡេង តាំងពីមុនទសវត្សរ៍៧០មកម្ល៉េះ ព្រមទាំងបានចារទុកនូវអនុស្សាវរីយ៍ក្នុងបទចម្រៀងពីអតីតកាលថែមទៀតផង។ រមណីយដ្ឋាន សេកសក ត្រូវបានភ្ញៀវទេសចរ ដែលបានទៅដល់ទីនោះចាត់ទុកថា ជាកន្លែងកម្សាន្តមួយដ៏ទាក់ទាញ ប្រៀបបាននឹងឱសថសម្រាប់ជួយព្យាបាលផ្លូវចិត្តប្រកបទៅដោយទេសភាពធម្មជាតិ ដ៏ស្រស់បំព្រងគ្រប់រដូវកាល ។
ដើម្បីធ្វើដំណើរទៅកាន់ រមណីយដ្ឋានទេសចរណ៍សេកសក លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ (អតីតផ្លូវជាតិលេខ១០) ឆ្ពោះទៅ ស្រុកសំឡូតរួចបត់ខាងឆ្វេងដៃត្រង់ចំណុចរង្វង់មូលទឹកដីភូមិភ្ជាវប្រមាណជា ៨ គីឡូម៉ែត្រនោះ នឹងបានឃើញស្លាកសញ្ញាបង្ហាញផ្លូវចូលទៅកាន់រមណីយដ្ឋានសេកសក ដែលមានចម្ងាយផ្លូវសរុបពីទីរួមខេត្តបាត់ដំបង ប្រវែង៥៥ គីឡូម៉ែត្រ។
នៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិសេកសកនេះដែរ ត្រូវបានភ្ញៀវទេសចរនិយមទៅលេងកម្សាន្តតាំងពីមុនសម័យសង្គ្រាមក្នុងស្រុកមកម្ល៉េះ ហើយរហូតមកដល់ពេលនេះ ក៏នៅតែមានភាពល្បីខ្ទរខ្ទាយ។ សេកសក ជាជម្រាលចំណោតស្ទឹង ដែលមានទឹកហូរលើផ្ទៃថ្មរាបស្មើ និង មានចំណោតចុះឡើង ដោយអន្លើៗមានបណ្តោយប្រមាណជា ៥០០ ម៉ែត្រអមទៅដោយដើមរុក្ខជាតិតូចធំលាស់ស្លឹកពណ៌បៃតងខ្លី និង មានព្រៃ ឫស្សីដុះលម្អបន្ថែមផ្តល់ជាម្លប់យ៉ាងត្រជាក់ តាមបណ្តោយមាត់ស្ទឹងសេកសក ។
រមណីយដ្ឋានធម្មជាតិសេកសកមានទឹកហូរថ្លាយ៉ង់ ព្រមទាំងមានផ្ទាំងថ្មធំៗនៅក្នុងទឹក ដែលមានសណ្ឋានដីរាបស្មើ និង ទីធ្លាធំទូលាយមានសួនសិប្បនិមិត្ត ព្រៃឫស្សី និង មានតូបសម្រាប់អង្គុយលេង ឬ ក៏ញុំាអាហារ សង់ឡើងជាច្រើនសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរ មានកំពង់ទឹកជាច្រើនកន្លែង ចំណតរថយន្តធំទូលាយ ដែលមានផ្លូវចេញចូលដាច់ដោយឡែកពីគ្នា ។
នៅពេលដែលបានទៅកម្សាន្តនៅរមណីយដ្ឋានសេកសកហើយនោះ វាបានធ្វើឱ្យអារម្មណ៍យើងជ្រះថ្លា រាល់ទុក្ខកង្វល់ទាំងប៉ុន្មាននឹងរលាយបាត់ ហើយនាំមកនូវភាពរីករាយទៅជាប់ជាមួយផងដែរ ៕
ដោយ៖សុថាត់