
ប៉ូលីសនៅក្នុងប្រទេសឥណ្ឌាបានចាប់ខ្លួនសិស្សវិទ្យាល័យចំនួន ១០ នាក់ពេលដែលពួកគេកំពុងលេងហ្គេម PlayerUnknown’s Battlegrounds on mobile (PUBG) ។ ការចាប់ខ្លូននេះធ្វើឡើងនៅរដ្ឋ Gujarat ដែលជារដ្ឋភាគខាងលិចនៅក្នុងប្រទេសដែលបានហាមឃាត់ការលេងហ្គេមនេះកាលពីសប្តាហ៍មុនដោយសារការព្រួយបារម្ភថាវាជាការញៀន និង មានអំពើហិង្សាផងដែរ ។ ប៉ុន្តែសិស្សទាំងនោះត្រូវបានដោះលែងវិញឱ្យនៅក្រៅឃុំនៅថ្ងៃនេះ ។
ប៉ូលិសម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាសិស្សទាំងនោះទំនងជា «ចូលចិត្តខ្លាំង» នៅក្នុងការលេងហ្គេមដែលពួកគេមិនបានក្រឡេកមើល ហើយកត់សម្គាល់ឃើញប៉ូលីសកំពុងចាប់ខ្លួនពួកគេ ។ ហ្គេម PUBG នៅតែស្របច្បាប់នៅក្នុងប្រទេសឥណ្ឌានៅឡើយទេ ប៉ុន្តែរដ្ឋ Gujarat បានជ្រើសរើសមិនឱ្យលេងហ្គេមនេះបន្ទាប់ពីឪពុកម្តាយ និង អ្នកអប់រំបានត្អូញត្អែរថាហ្គេមនេះគឺមានអំពើហឹង្សាខ្លាំងពេក ហើយធ្វើឱ្យសិស្សមិនចង់រៀន ។ នៅខែកុម្ភៈរដ្ឋមន្ត្រីក្នុងស្រុកម្នាក់នៅរដ្ឋ Gujarat បានពិពណ៌នាថាវាជា «បិសាចនៅគ្រប់គេហដ្ឋានទាំងអស់» នេះបើយោងតាមកាសែត The Times of India ។
ទោះបីជាអ្នកលេងនៅតែបន្តរីករាយជាមួយនឹងហ្គេម PUBG តាមទូរស័ព្ទនៅតាមតំបន់ផ្សេងៗក្នុងប្រទេសឥណ្ឌាក៏ដោយ ក៏អ្នកអប់រំនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសនេះនៅតែមានការព្រួយបារម្ភអំពីការលេងហ្គេមដែលជាការញៀនផងដែរ ។ ទន្ទឹមនឹងនេះដែរហ្គេមបាញ់ប្រហារ Fortnite មិនប្រឈមនឹងការរឹតត្បិតតាមច្បាប់ឡើយ វាអាចមកពីហេតុផលដោយសារវាមានអារម្មណ៍ថា Fantasy ច្រើនជាងអំពើហិង្សារបស់ PUBG ៕
ដោយ៖ យ៉ានុ
ប្រភព៖ theverge
អត្ថបទដោយ៖ Yanouk