
MSI Katana 15 ជំនាន់ថ្មីដែលបំពាក់ RTX 40 Series
ដូចដែលយើងបានដឹងរួចហើយថា MSI ឬ Micro-Star International Co., Ltd គឺជាក្រុមហ៊ុនជំនាញទៅលើការផលិតម៉ាស៊ីនកុំព្យូទ័រយូរដៃប្រភេទ Gaming Laptop ដ៏ល្បីល្បាញមួយចេញពីដែនដីតៃវ៉ាន់។ ផលិតផល Laptop ពាក់ស្លាកសញ្ញានាគរាជមួយនេះបានធ្វើការប្រកាសចេញស្រឡាយ Laptop ថ្មីៗជាច្រើនក្នុងមួយឆ្នាំៗដើម្បីបំពេញតម្រូវការទីផ្សារ។ នៅក្នុងនោះ MSI Katana 15 ក៏ជា Gaming Laptop ស៊េរីថ្មីមួយដែលទើបតែត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅលើទីផ្សារថ្មីៗនេះដែរ ជាមួយតម្លៃ $1,349។ ទៅលើការឌីស្សាញរបស់ MSI Katana 15 មិនខុសពីសែស្រឡាយ Gaming Laptop របស់ក្រុមហ៊ុននោះទេ។ ដោយតួររបស់ម៉ាស៊ីនត្រូវបានស្រោបដោយសារធាតុលោហៈជាមួយសារធាតុជ័រស្វិត ព្រមទាំងមានផ្ទាំងក្តារចុចរំលេចដោយភ្លើង RGB ចម្រុះពណ៌ដ៏ទាក់ទាញហៅថា 4-Zone RGB Gaming Keyboard។ Katana 15 មានអេក្រង់ទំហំ 17.3 អ៊ីង ប្រភេទ IPS-Level ល្បឿន 144Hz និង គាំទ្រកម្រិតបង្ហាញ Full-HD (1920x1080px)។
Laptop ដំណើរការដោយ Windows 11 Series ស៊េរីថ្មីមួយនេះ ត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការនៅលើអង្គ CPU ជំនាន់ទី 13 របស់ក្រុមហ៊ុន Intel ស៊េរី Core i7-13620H ដែលភ្ជាប់ជាមួយអង្គ GPU របស់ក្រុមហ៊ុន NVIDIA ស៊េរី GeForce RTX4060 ទំហំ 8GB GDDR6 ល្បឿន 1980MHz Boost Clock ជាមយយកំលាំង 150W ជាមួយប្រព័ន្ធ Dynamic Boost។ បន្ថែមពីនេះកម្លាំងម៉ាស៊ីនរបស់ MSI Katana 15 ក៏គាំទ្រដោយរ៉េមប្រភេទ DDR5-5200MHz ទំហំ 16GB និង អាចដាក់បន្ថែមទំហំបានដល់ទំហំ 64GB។ Gaming Laptop ស៊េរីថ្មីនេះមានអង្គផ្ទុកទិន្នន័យទំហំ 512GB ប្រភេទ NVMe PCIe Gen 4។
បន្ថែមពីនេះ MSI Katana 15 មានថ្មប្រភេទ 3-Cell ទំហំ 53.5Whr និង គាំទ្រកម្លាំងសាកភ្លើងតាមរយៈឆ្នាំងសាក 200W។ ក្រៅពីនេះ Katana 15 មានភ្ជាប់មកជាមួយប្រព័ន្ធ Wi-Fi 6, Bluetooth v5.2, ប្រព័ន្ធ Speaker បំពងសំឡេង 2 គ្រាប់, រន្ធ USB-C, USB-A, HDMI2.1 (8K@60Hz), Ethernet RJ45 និង 3.5 Headphone Jack ជាដើម។ MSI Katana 15 B13V មានទំងន់ 2.25 គីឡូក្រាម៕