
សណ្ឋាគារដែលមានឈ្មោះថា Voyager Class Space Station នឹងក្លាយជាសណ្ឋាគារលើលំហអាកាសដំបូងបំផុតលើពិភពលោក ដែលអាចឲ្យភ្ញៀវចំនួន ៤០០ នាក់ស្នាក់នៅបាន ។
មិនខុសពីសណ្ឋាគារទូទៅធម្មតា សណ្ឋាគារដ៏អស្ចារ្យមួយនេះ មានបន្ទប់ស្នាក់នៅជាច្រើន ក៏ដូចជាមានបារ រោងកុន ភោជនីយដ្ឋាន និង កន្លែងស្ប៉ាផងដែរ ។ គម្រោងសាងសង់សណ្ឋាគារនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Orbital Assembly Corporation (OAC) នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ២០២៥ ហើយរំពឹងទុកថានឹងសាងសង់រួចរាល់ អាចបើកដំណើរការបាននៅឆ្នាំ ២០២៧ ។
ទ្រង់ទ្រាយនៃសណ្ឋាគារនេះ គឺជាកងរង្វង់ ដែលមានផ្នែកខាងក្នុង និង ខាងក្រៅ ។ ផ្នែកខាងក្នុងជាកន្លែងតភ្ជាប់ ខណៈផ្នែកខាងក្រៅ គឺជាកន្លែងទ្រទ្រង់ និង ផ្ដល់ជាកន្លែងស្នាក់ដល់ភ្ញៀវ ដែលអាចផ្លាស់ទីក្នុងនោះដោយសេរី ។
ក្នុងនោះដែរ នៅខាងក្រោមនៃផ្នែកខាងក្រៅរង្វង់នៃសណ្ឋាគារក៏មានបន្ទប់មួយចំនួនផងដែរ ដែលបន្ទប់នីមួយៗ ទុកសម្រាប់គោលបំណងផ្សេងៗគ្នា ។ បន្ទប់ខ្លះ នឹងលក់ឲ្យខាងអង្គការ NASA ដើម្បីធ្វើជាកន្លែងស្រាវជ្រាវ ខណៈមួយចំនួនទៀត នឹងប្រើប្រាស់សម្រាប់ជាកន្លែងសម្រាក ភោជនីយដ្ឋាន និង បារផ្សេងៗ ៕
ប្រភព៖ Unilad
អត្ថបទដោយ៖ Trassi