កប់សារី! ជប៉ុន គ្រោងនឹងបង្កើត «ម៉ាស់ឆ្លាតវៃ» ដែលអាចបកប្រែអ្វីដែលយើងនិយាយទៅជា ៩ ភាសា
ប្រទេសជប៉ុន ចាប់ផ្ដើមបង្កើតគំនិតថ្មីមួយ ច្នៃម៉ាស់ការពារដែលបំពាក់ប្រព័ន្ធវ័យឆ្លាត ដោយរួមបញ្ចូលទាំងមុខងារមួយដែលអាចបកប្រែជា ៩ ភាសាបាន ។
C-Mask ដែលជាម៉ាស់ការពារបង្កើតឡើងដោយ Donut Robotics គឺជាម៉ាស់ឆ្លាតវៃមួយ ដែលអាចតភ្ជាប់ទៅនឹងទូរស័ព្ទរបស់អ្នកប្រើប្រាស់បានតាមរយៈប្រព័ន្ធ Bluetooth នេះបើតាមសារព័ត៌មាន Hybebeasy បញ្ជាក់ ។
ជាមួយគ្នានេះដែរ វាក៏មានមុខងារមួយដែលអាចបកប្រែសំឡេងរបស់អ្នកទៅជា ៩ ភាសា ក្នុងនោះរួមមាន ភាសាជប៉ុន អង់គ្លេស ចិន បារាំង កូរ៉េ ថៃ បាហាសា អេស៉្បាញ និង វៀតណាម ។ C-Mask ក៏អាចជួយបង្កើនសំឡេងរបស់អ្នកប្រើប្រាស់ ធ្វើការខលទូរស័ព្ទ និង អាចកត់ត្រានាទីនៃការជួបជុំផងដែរ ។
ម៉ាស់ឆ្លាតវៃ C-Mask លក់ក្នុងតម្លៃ ៤០ ដុល្លារ នឹងចាប់ផ្ដើមចេញលក់ចំនួន ៥ ០០០ ម៉ាស់របស់ខ្លួនដំបូងក្នុងប្រទេសជប៉ុននៅក្នុងខែកញ្ញាខាងមុខនេះ ។ ក្រុមហ៊ុន Donut Robotics គ្រោងនឹងបញ្ចេញម៉ាស់វ័យឆ្លាតនៅទីផ្សារក្នុងប្រទេសដទៃផងដែរ រួមមានប្រទេសចិន អឺរ៉ុប និង សហរដ្ឋអាមេរិក ខណៈម៉ាស់ប្រភេទនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ៕
ប្រភព៖ Nextshark