ការប៉ាន់ស្មាន ៖ អេក្រង់ 90Hz នឹងក្លាយជាភាពពេញនិយមថ្មី នៃវិស័យស្មាតហ្វូននៅឆ្នាំនេះ!
យោងទៅតាមភាពរីកចម្រើននៃស្មាតហ្វូនសព្វថ្ងៃនេះ បច្ចេកវិទ្យាជាច្រើនដែលកាលពីមុនតែងតែមានបំពាក់នៅលើទូរស័ព្ទ flagship ឥឡូវនេះបានក្លាយទៅជាបច្ចេកវិទ្យាដ៏ពេញនិយមនៅលើស្មាតហ្វូនទូទៅបច្ចុប្បន្ន ។ មិនត្រឹមតែបច្ចេកវិទ្យាសាកថ្មល្បឿនលឿនតែមួយគត់ដែលពេញនិយមកាលពីប៉ុន្មានឆ្នាំមុន ឬក៏ការស្វែងរកដំណោះស្រាយនៃបញ្ហាអេក្រង់ (កំណែទម្រង់នៃកាមេរ៉ា) របស់ក្រុមហ៊ុនទូរស័ព្ទផ្សេងៗនៅកាលពីឆ្នាំមុននេះទេ គឺនៅជារៀងរាល់ឆ្នាំក្រុមហ៊ុនទូរស័ព្ទតែងតែមាននូវអ្វីថ្មីៗសម្រាប់អ្នកទាំងអស់គ្នាទន្ទឹមរង់ចាំ ។
បើតាមការមើលឃើញនៃបច្ចេកវិទ្យាកំពូលមួយចំនួនដែលបានដាក់ប្រកាសកាលពីចុងឆ្នាំមកដល់ឥឡូវនេះ យើងបានឃើញថាបច្ចេកវិទ្យាកំពូលជាច្រើនបានធ្វើការបំពាក់នៅលើទូរស័ព្ទកម្រិតមធ្យម ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការស្រាវជ្រាវទៅលើកំណែទម្រង់អេក្រង់ និង កម្រិតភាពច្បាស់នៃកាមេរ៉ាមុខ និង ក្រោយរបស់ក្រុមហ៊ុនទូរស័ព្ទ ។
ជាដំបូងគឺចំណុចកាមេរ៉ាក្រោយ ដែលក្នុងកំឡុងរយៈពេលពីរឆ្នាំនេះបច្ចេកវិទ្យាថតរូបនៅលើស្មាតហ្វូនបានមានការកែប្រែពីមួយថ្ងៃទៅមួយថ្ងៃ និង កាន់តែមានភាពជំនាញជាងមុន ដូចជាមុខងារព្រាលផ្ទៃខាងក្រោយ ការពង្រីក និង ការទប់លំនឹងជាដើម សុទ្ធតែមានការកែប្រែបន្តិចម្តងៗ និង កាន់តែមានជំនាញ ហើយចាប់ពីក្នុងឆ្នាំនេះ កម្រិត 108MP នឹងចាប់ផ្តើមបង្ហាញខ្លួននៅចំពោះមុខលោកអ្នក ។ បច្ចុប្បន្ននេះនៅលើទៅផ្សារគឺយើងតែងតែឃើញមាន 12MP 48MP និង 64MP តែជាការពិត 48MP គឺគ្រប់គ្រាន់ហើយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយ 64MP គឺវាប្រាកដជាកាន់តែល្អបន្តិច រីឯតម្រូវការ 108MP នោះគឺតម្រូវតាមតម្រូវការរបស់មនុស្សម្នាក់ៗ ។
នៅឆ្នាំមុនចុងឆ្នាំរហូតមកដល់ត្រីមាសទីមួយឆ្នាំនេះ យើងបានឃើញមានការចេញជាបន្តបន្ទាប់នូវកំពូលអេក្រង់ 90Hz និង 120Hz មួយចំនួន តើនេះបញ្ជាក់អំពីអ្វី? គឺវាបង្ហាញឱ្យឃើញពីកម្រិភាពរលូនរបស់ទូរស័ព្ទអ្នក ។ នៅពេលដែលនិយាយដល់ភាពរលូននេះ អ្នកមួយចំនួនប្រហែលជាអាចយល់ថាគឺមានតែអ្នកលេងហ្គេមទើបមានតម្រូវការបទពិសោធកម្រិតរូបភាពច្បាស់ និង អេក្រង់ដែលមានភាពរលូន តែតាមពិតគឺមិនមែននោះទេ ឥឡូវនេះមានទូរស័ព្ទជាច្រើនចាប់ផ្តើមមានគាំទ្រនូវវីដេអូដែលមានកម្រិត frame ខ្ពស់ បានន័យថានៅពេលដែលអ្នកប្រើប្រាស់អេក្រង់ 90Hz មើលវីដេអូដែលមានកម្រិត frame ខ្ពស់ អ្នកនឹងទទួលបាននូវបទពិសោធកម្រិតរូបភាពកាន់តែច្បាស់ដូចរូបភាពដើមដែរ ។
ទាំងពីរនេះគឺជាចំណុចបច្ចេកវិទ្យាស្មាតហ្វូនដែលគេសង្កេតឃើញនៅក្នុងឆ្នាំ ២០២០ បច្ចុប្បន្ននេះ ហើយបច្ចុប្បន្ននៅលើទីផ្សារយើងក៏បានឃើញមានទូរស័ព្ទជាច្រើនសម្រាប់យើងធ្វើការជ្រើសរើស ។ បើតាមព័ត៌មានឲ្យដឹងថា realme 6series ដែល realme នឹងដាក់ប្រកាសនៅពេលខាងមុខនេះនឹងមានបំពាក់នូវអេក្រង់ 90Hz និង កាមេរ៉ាក្រោយ 64MP ហើយមុននេះក៏មានព័ត៌មានបានឲ្យដឹងថាតម្លៃលក់របស់ realme 6 ប្រហែលជាមានតម្លៃក្រោម 300 ដុល្លារ ហើយប្រសិនបើដូច្នេះមែន នោះវានឹងក្លាយជាទូរស័ព្ទទីមួយដែលមានអេក្រង់ 90Hz និង កាមេរ៉ាក្រោយ 64MP ដែលមានតម្លៃក្រោម 300 ដុល្លារនៅក្នុងប្រទេសកម្ពុជា ៕