ភីកអាប់ Tesla Cybertruck ថ្មី សាកភ្លើងម្តងបើកបាន ៨០០គ.ម៉ ឯតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសចេញនូវរថយន្តភីកអាប់អគ្គិសនីដំបូងបង្អស់របស់ខ្លួន ហៅថា Cybertruck ដែលមានតម្លៃចាប់ពី ៣៩ ៩០០ ដុល្លារ ។ ភីកអាប់នេះនឹងចេញលក់នៅចុងឆ្នាំ ២០២១ ប៉ុន្តែ Tesla បើកឱ្យធ្វើការកុម្ម៉ង់ទុកមុនបាន ។
រថយន្ត Tesla Cybertruck ត្រូវបានរចនារូបរាងយ៉ាងចម្លែក បែបប្រអប់ ប៉ុន្តែមានតួខ្លួនរឹងមាំ អាចការពារពីការប៉ះទង្គិចបានយ៉ាងអស្ចារ្យ ខណៈ Tesla អះអាងថា វាអាចការពារគ្រាប់ទៀតផង ។
លោក Elon បាននិយាយថា Cybertruck អាចប្រកួតទាញឈ្នះ Ford F-150 និង អាចប្រណាំងល្បឿន (Drag Race) ឈ្នះ Porsche 911 ផងដែរ ។
Tesla Cybertruck ចែកចេញជា ៣ ម៉ូដែល ៖
- ម៉ូដែល Single Motor RWD (ប៉ុងមួយ) មានចម្ងាយបើកបរ ៤០០ គីឡូម៉ែត្រ អាចអូសសណ្តោងបានដល់ទម្ងន់ ៣ ៤០០ គីឡូក្រាម អាចរត់ពីកុងទ័រ ០-១០០ គ.ម៉/ម៉ ប្រើពេល ៤,៥ វិនាទី ហើយមានតម្លៃចាប់ពី ៣៩ ៩០០ ដុល្លារ
- ម៉ូដែល Dual Motor AWD (ប៉ុងពីរ) មានចម្ងាយបើកបរ ៤៨០ គីឡូម៉ែត្រ អាចអូសសណ្តោងបានដល់ទម្ងន់ ៤ ៥០០ គីឡូក្រាម អាចរត់ពីកុងទ័រ ០-១០០ គ.ម៉/ម៉ ប្រើពេលក្រោម ៤,៥ វិនាទី ហើយមានតម្លៃចាប់ពី ៤៩ ៩០០ ដុល្លារ
- ម៉ូដែល Triple Motor AWD (ប៉ុងពីរ) មានចម្ងាយបើកបរ ៨០០ គីឡូម៉ែត្រ អាចអូសសណ្តោងបានដល់ទម្ងន់ ៦ ៣០០ គីឡូក្រាម អាចរត់ពីកុងទ័រ ០-១០០ គ.ម៉/ម៉ ប្រើពេល ២,៩ វិនាទី ហើយមានតម្លៃចាប់ពី ៦៩ ៩០០ ដុល្លារ
សូមបញ្ជាក់ថា រថយន្តភីកអាប់នេះអាចផ្ទុកអ្នកដំណើរពេញវ័យ រហូតដល់ទៅ ៦ នាក់ឯណោះ ៕
ប្រភព ៖ theverge