Toyota ចេញ RAV4 Prime ថ្មី កម្លាំងខ្លាំង និងស៊ីសាំងតិចបំផុត
Toyota បានបញ្ចេញត្រកូល RAV4 ថ្មីមួយទៀត ហៅថា RAV4 Prime ដែលបំពាក់ម៉ាស៊ីន Plug-in Hybrid ដំបូងបង្អស់ ។
ផលិតផ្អែកលើ RAV4 Hybrid រថយន្ត RAV4 Prime ប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយអាគុយ lithium-Ion សមត្ថភាពខ្ពស់មួយ, Booster Converter មួយ និង ម៉ូទ័រអគ្គិសនី ២ ដែលបង្កើតកម្លាំងសរុប ៣០២ សេះ ខ្លាំងជាង RAV4 Hybrid ដល់ទៅ ៨៣ សេះឯណោះ ។
រថយន្ត RAV4 Prime មានសន្ទុះលឿនខ្លាំង ដោយអាចរត់ពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៨ វិនាទី ។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ២,៦ លីត្រប៉ុណ្ណោះក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ហើយអាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ចម្ងាយ ៦០ គីឡូម៉ែត្រទៀតផង ។
សូមបញ្ជាក់ថា រថយន្ត Toyota RAV4 Prime ស៊េរីឆ្នាំ ២០២១ នេះ នឹងចេញលក់នៅក្នុងឆ្នាំ ២០២០ ខាងមុខ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលក្រោយ ៕
ប្រភព ៖ Carbuzz