កំពូលរថយន្តស្ព័រ Ferrari 812 Superfast លេចមុខនៅវៀតណាម លើកដំបូងបង្អស់
រយៈពេល ២ ឆ្នាំ បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការ នៅទីបំផុតកំពូលរថយន្តស្ព័រអ៊ីតាលី Ferrari 812 Superfast បានលេចមុខនៅក្នុងប្រទេសវៀតណាមជាលើកដំបូងបង្អស់ ។
រថយន្ត Ferrari 812 Superfast នេះបានលេចមុខឡើង កាលពីថ្ងៃទី ១៥ វិច្ឆិកា នៅក្នុងទីក្រុងហាណូយ នៅក្នុងហាងលក់រថយន្តឯកជនមួយ ដែលកំពុងផ្ទុកកំពូលរថយន្តស្ព័រជាច្រើន ដូចជា Ferrari F12 Berlinetta Duke Dynamics, 458 Italia Liberty Walks និង Lamborghini Aventador SVJ ជាដើម ។
គួរឱ្យដឹងថា Ferrari 812 Superfast បានបង្ហាញខ្លួនកាលពីឆ្នាំ ២០១៧ នៅក្នុងកម្មវិធី Geneva Motor Show ដើម្បីជំនួសម៉ូដែល F12 Berlinetta ។ បើនិយាយពីការរចនា វាទទួលបានការបំផុសគំនិតតាមម៉ូដែល F12tdf ច្រើន ដោយមានច្រមុះវែង និង គូទខ្លី ។
វាបំពាក់ម៉ាស៊ីនចំណុះ ៦,៥ លីត្រ Naturally Aspirated ទំហំ ១២ ស៊ីឡាំង មានកម្លាំងសរុប ៨០០ សេះ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕
ប្រភព ៖ zing