Mercedes នឹងប្រែ G-Class ទៅជាកំពូលរថយន្ត Off-road អត់ប្រើសាំង
ជាមួយនឹងកម្រិតស៊ីប្រេងជាមធ្យម ១៧ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ Mercedes-Benz G-Class ត្រូវបានគេចាត់ទុកថា ជារថយន្តស៊ីប្រេងបំផុតមួយនាពេលបច្ចុប្បន្ន ។
ទោះបីជាយ៉ាងណា លោក Sascha Pallenberg ប្រធានផ្នែក Digital Transformation របស់ក្រុមហ៊ុន Daimler (ក្រុមហ៊ុនមេរបស់ Mercedes) បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា លោក Ola Kallenius នាយកប្រតិបត្តិក្រុមហ៊ុន Daimler ចង់ប្រែ G-Class ទៅជាកំពូលរថយន្ត Off-road ប្រើអគ្គិសនីវិញនាពេលអនាគត ។
បើយោងតាមលោក Pallenberg ក្រុមហ៊ុន Mercedes កំពុងពិចារណាឈប់ផលិតកំពូល SUV នេះ បន្ទាប់ពីបង្ហាញខ្លួនអស់រយៈពេល ៤០ ឆ្នាំ ប៉ុន្តែបានសម្រេចចិត្តបន្តកេរ្តិ៍ឈ្មោះរបស់វាជារថយន្តអគ្គិសនីវិញ ។
យ៉ាងណាមិញ មិនទាន់មានព័ត៌មានលម្អិតអំពីរថយន្ត G-Class ដំណើរការដោយថាមពលអគ្គិសនីឡើយ ប៉ុន្តែវាអាចនឹងបង្ហាញខ្លួនក្នុងពេល ៣ ឆ្នាំទៀត ព្រោះក្រុមហ៊ុន Mercedes មានគម្រោងបញ្ចេញរថយន្តអគ្គិសនីថ្មីរហូតដល់ទៅ ១០ ម៉ូដែលត្រឹមឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃការវិនិយោគ ១១ ពាន់លានដុល្លារ ៕
ប្រភព ៖ Carbuzz