Xiaomi ចេញលក់នាឡិកាវៃឆ្លាត Mi Watch ដំបូងបង្អស់ បង្កប់មុខងារពិសេសច្រើន
បន្ទាប់ពីបានប្រកាសចេញស្មាតហ្វូន Mi CC9 Pro ក្រុមហ៊ុន Xiaomi ក៏បង្ហាញនាឡិកាដៃវៃឆ្លាតដំបូងបង្អស់របស់ខ្លួន ហៅថា Mi Watch ។
Mi Watch បំពាក់អេក្រង់ AMOLED ទំហំ ១,៧ អ៊ីង ជាមួយមុខងារ Always-on ។ ផ្នែកខាងក្រោយរបស់វាផលិតពីសេរ៉ាមិច (Ceramic) ខណៈផ្នែកខាងស្តាំ មានប៊ូតុងមួយ និង កងបង្វិលដើម្បីបញ្ជាមួយ ។ ចំណែកឯផ្នែកខាងឆ្វេងវិញ មានរន្ធបំពងសំឡេងមួយ និង Microphone មួយ ។ នាឡិកាដៃវៃឆ្លាតនេះក៏មានមុខងារ Bluetooth, NFC និង eSIM ផងដែរ ។
Mi Watch ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ MIUI របស់ Xiaomi លើ Wear OS របស់ Google ។ MIUI មានកម្មវិធីស្រាប់ក្នុងនោះជាង ៤០ និង App Store ដាច់ដោយឡែកមួយទៀតផង ។ វាក៏បំពាក់មុខងារតាមដានសុខភាព (Fitness Tracking) ដោយក្នុងនោះក៏មាន Swim Tracking ផងដែរ ។
វាបំពាក់បន្ទះឈីប Snapdragon Wear 3100 4G ជាមួយ RAM 1GB និង ទំហំផ្ទុក 8GB ។ ថាមពលថ្មកម្លាំង 570mAh របស់វាអាចស៊ូបានដល់ ៣៦ ម៉ោង បើប្រើ 4G ជាប់ ។ Mi Watch ឥឡូវនេះមានលក់តែក្នុងប្រទេសចិនប៉ុណ្ណោះ ជាមួយតម្លៃខ្ទង់ ១៨៥ ដុល្លារ ៕
ប្រភព ៖ gsmarena