Toyota ចេញលក់រថយន្ត Raize ឆ្នាំ ២០២០ រាងស្រដៀង RAV4 ស៊ីសាំងតិចអស់ទាស់
Toyota បានប្រកាសចេញលក់រថយន្ត SUV ខ្នាតតូច Raize ថ្មីសន្លាង ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ នៅលើទីផ្សារប្រទេសជប៉ុន ។
រថយន្ត Toyota Raize ត្រូវបានផលិតលើគ្រោងឆ្អឹង DNGA របស់ក្រុមហ៊ុន Daihatsu ដែលស្រដៀងនឹងគ្រោងឆ្អឹង TNGA របស់ក្រុមហ៊ុន Toyota ដែរ ប៉ុន្តែមានតម្លៃថោកជាង ហើយវាមានរូបរាងតូចជាងរថយន្ត Toyota C-HR ដោយមានប្រវែងត្រឹម ៤ ម៉ែត្រ , ទទឹង ១,៧ ម៉ែត្រ និង កម្ពស់ ១,៦ ម៉ែត្រប៉ុណ្ណោះ ។
គ្រោងឆ្អឹងនេះជួយឱ្យរថយន្ត Raize មានទម្ងន់ស្រាល ប៉ុន្តែតួចខ្លួន និង ប្រព័ន្ធបូមរឹងមាំ ជាលទ្ធផលផ្តល់នូវការទប់លំនឹង និង ការបើកបរប្រកបដោយផាសុខភាព ។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ Turbocharged ទំហំ ៣ ស៊ីឡាំង ប្រើប្រអប់លេខអូតូ D-CVT (Dual mode Continuously Variable Transmission) មានកម្លាំង ៩៧ សេះ ។
SUV ខ្នាតតូចខាងលើមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,៤ លីត្រប៉ុណ្ណោះសម្រាប់ម៉ូដែលប៉ុងមួយ និង ៥,៧ លីត្រសម្រាប់ម៉ូដែលប៉ុងពីរ ។ ជាការពិតណាស់ Raize ក៏មាន Option ប៉ុងពីរដែរ ហៅថា Dynamic Torque Control 4WD ។
ក្រៅពីនោះ វាបានបំពាក់ប្រព័ន្ធជំនួយការបើកបរជាច្រើន ដូចជា Crash Avoidance Braking Function, Erroneous Start Prevention Function with Braking Control, Adaptive Cruise Control with All Speed Tracking និង Smart Panorama Parking Assist ជាដើម ។
សូមបញ្ជាក់ថា រថយន្ត Toyota Raize ឆ្នាំ ២០២០ មានតម្លៃ ១ ៦៧៩ ០០០ យ៉េន ឬ ប្រហែល ១៤ ៤០០ ដុល្លារ លើទីផ្សារប្រទេសជប៉ុន ៕
ប្រភព ៖ Carscoops