LG ចេញលក់ថេប្លេតថ្មី ប្រើថ្មធំ 8,200mAh ឯតម្លៃធូរថ្លៃខ្លាំង
LG បានត្រលប់មកសារជាថ្មី ជាមួយការបញ្ចេញថេប្លេតម៉ូដែលថ្មី ហៅថា G Pad 5 10.1 នៅក្នុងប្រទេសកូរ៉េខាងត្បូង ។
ឈ្មោះនេះបានបង្ហាញរួចទៅហើយថា វាមានទំហំ ១០,១ អ៊ីង IPS Panel អាចបង្ហាញកម្រិត FHD+ , ដំណើរការដោយ Android 9 Pie ហើយបំពាក់កញ្ចប់ថ្មទំហំធំដល់ទៅ 8,200mAh និង អាចសាកថ្មល្បឿនលឿន Quick Charge 3.0 ទៀតផង ។
LG G Pad 5 10.1 បំពាក់កាមេរ៉ា ២ គ្រាប់ ដោយកាមេរ៉ាមុខ 5MP និង កាមេរ៉ាក្រោយ 8MP , មានមុខងារ LTE , GPS និង Bluetooth 4.2 ។ វាមានទំហំ 247.2mm x 150.7mm x 8mm ហើយមានទម្ងន់ត្រឹម ៤៩៨ ក្រាមប៉ុណ្ណោះ ។
ដោយឡែក ផ្នែកខាងក្រោមរបស់វា បំពាក់រន្ធបំពងសំឡេង ២ ខណៈខាងលើវិញមានរន្ធដោតកាស 3.5mm ។ ផ្នែកចំហៀងខាងស្តាំ មានកន្លែងស្កេនម្រាមដៃ ជាមួយប៊ូតុងសំឡេង និង ប៊ូតុង Power ។
LG បានបំពាក់បន្ទះឈីប Snapdragon 821 SoC លើ G Pad 5 10.1 ជាមួយ RAM 4GB និង ទំហំផ្ទុកត្រឹម 32GB ប៉ុណ្ណោះ ប៉ុន្តែអាចបន្ថែម microSD ក្រៅទៀតបាន ។ វាត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង ក្នុងតម្លៃខ្ទង់ ៣៨០ ដុល្លារប៉ុណ្ណោះ ៕
ប្រភព ៖ gsmarena