ប្រៀបធៀបតម្លៃ Rolls-Royce Cullinan លក់នៅខ្មែរ ថៃ និង វៀតណាម
Rolls-Royce Cullinan គឺជារថយន្ត SUV ដ៏ប្រណីតរបស់អង់គ្លេស ដែលបានទាក់ចិត្តអ្នកសម្បូរទ្រព្យយ៉ាងខ្លាំង ជាមួយនឹងលក្ខណៈពិសេសជាច្រើនរបស់វា ។
Cullinan ប្រើម៉ាស៊ីនសាំងចំណុះ ៦,៧៥ លីត្រ Twin-Turbo ទំហំ ១២ ស៊ីឡាំង បង្កើតកម្លាំងបានសរុប ៥៦៣ សេះ និង ប្រើប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ។ វាអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,១ វិនាទីប៉ុណ្ណោះ ។
ប្រធានក្រុមហ៊ុន Rolls-Royce Motor Cars ប្រចាំទីក្រុងហាណូយ ប្រទេសវៀតណាម លោក Doan Hieu Minh បានបង្ហើបឱ្យដឹងថា រថយន្ត Cullinan នេះមានតម្លៃប្រហែលចាប់ពី ៤១ ប៊ីលានដុង ឬ ១,៧ លានដុល្លារ ដោយមិនរាប់បញ្ចូល Option មួយចំនួនឡើយ ។
ដោយឡែក បើយោងតាមគេហទំព័រ Bangkokpost របស់ប្រទេសថៃ បានឱ្យដឹងថា រថយន្តដ៏ប្រណីត Rolls-Royce Cullinan នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ៣២,៩ លានបាត ឬ ខ្ទង់ ១ លានដុល្លារ ។
ចំណែកឯទីផ្សារប្រទេសកម្ពុជាវិញ បើតាមការបង្ហាញឲ្យដឹងពី CamCar Collection រថយន្ត Rolls-Royce Cullinan មួយគ្រឿងដែលបានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធជាផ្លូវការមួយ កាលពីពេលកន្លងទៅ មានតម្លៃខ្ទង់ ១,២ លានដុល្លារឯណោះ ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួនរបស់រថយន្ត Rolls-Royce Cullinan ៖
- កៅអីអង្គុយខាងក្រោយមានដាច់ដោយឡែកពីគ្នា ខណ្ឌដោយស្នូកកណ្ដាលដែលមានកន្លែងសម្រាប់ដាក់កែវស្រា និងទូទឹកកក
- កៅអីពូកដែលអាចកំណត់បានច្រើនរបៀប មានមុខងារម៉ាស្សា និងមានតុអាហារ
- កញ្ចក់ខណ្ឌចែកកាប៊ីនរថយន្តជួយខណ្ឌចែកអ្នកធ្វើដំណើរពីផ្នែកដាក់ឥវ៉ាន់ ដែលជួយបង្កើនភាពស្ងប់ស្ងាត់បានល្អបំផុតសម្រាប់ ហើយក៏ជួយការពារអ្នកដំណើរពីការប្រែប្រួលសីតុណ្ហភាព បើទោះបីជាផ្នែកដាក់ឥវ៉ាន់ខាងក្រោយបើកចំហក្ដី
- អាចបន្ទាបខ្លួនកម្ពស់ ៤០ ម.ម ពេលចាប់ផ្ដើមដំណើរការតាមរយៈសោបែប Bespoke
- ទ្វាអាចបិទ/បើកស្វ័យប្រវត្តិដោយចុចប៊ូតុង
- មានមុខងារ Night Vision ជំនួយដល់ការមើលផ្លូវពេលយប់ និង Vision Assist ជំនួយដល់ភ្នែក
- ប្រព័ន្ធ Active Cruise Control, ប្រព័ន្ធជូនដំណឹងគ្រោះថ្នាក់បុកទង្គិច, ប្រព័ន្ធ Cross-Traffic Warning,ប្រព័ន្ធ Lane Departure និងប្រព័ន្ធជូនដំណឹង Lane Change Warning