នេះតម្លៃ Lexus RX 300 ឆ្នាំ ២០២០ កំពុងដាក់លក់នៅខ្មែរ
រថយន្ត SUV ស៊េរីទំនើប Lexus RX 300 ឆ្នាំ ២០២០ បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ ជាមួយនឹងការអាប់ដេតទាំងរូបរាង និង លក្ខណៈពិសេសថ្មីមួយចំនួន ។
RX ថ្មី ផ្លាស់ប្តូរការរចនាផ្នែកខាងមុខបន្តិចបន្តួច ជាមួយនឹងចង្កៀងបែបស្រឡូនជាងមុន ព្រមទាំងអំពូលកាត់អ័ព្ទថ្មី ។ Lexus នៅតែមិនចោលសំណាញ់ប៉ាណាដ៏ធំរបស់ខ្លួន តែបានផ្លាស់ប្តូរចង្កៀងក្រោយរឹតតែទាក់ទាញ ។ វាបំពាក់អេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត ប្រភេទ Touchscreen ទំហំ ១២,៣ អ៊ីង ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធសម្គាល់សំឡេងកម្រិតខ្ពស់ទៀតផង ។
បើនិយាយពីផ្នែកមេកានិចវិញ SUV ថ្មីនេះប្រើប្រាស់ស្លាបប្រចៀវទប់ជើងក្រោមទម្ងន់ស្រាលទាំងមុខ-ក្រោយ ដែលជួយកាត់បន្ថយការក្រឡាប់ និង ជួយឱ្យការយកចង្កូតកាន់តែប្រសើរជាងមុន ។ លើសពីនេះទៅទៀត ប្រព័ន្ធជើងក្រោមរបស់វាក៏ត្រូវបាន Upgrade ផងដែរ ដែលអាចកាត់បន្ថយសំឡេងរំខាន ព្រមទាំងរំញ័រពីផ្លូវ ។
RX ឆ្នាំ ២០២០ ក៏បំពាក់មុខងារសុវត្ថិភាពមកស្តង់ដារជាច្រើន ដូចជា Road Sign Assist, Lane Tracing Assist, Daytime bicyclist detection, All-Speed Dynamic Radar Cruise Control, និង Pre-Collision System ជាដើម ។
រថយន្ត Lexus RX 300 ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ហើយត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១១ ម៉ឺនដុល្លារលើទីផ្សារស្រុកខ្មែរ ៕
រូបថត៖ 669 MHH Auto Shop