សោកស្ដាយបំផុត! ប្រាសាទជប៉ុនជាបេតិកភណ្ឌពិភពលោក អាយុកាលជិត៦០០ឆ្នាំ ត្រូវភ្លើងឆេះខ្ទេច
ហេតុការណ៍អគ្គីភ័យមួយបានកើតឡើងនៅប្រាសាទ Shuri Castle ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតនៅក្នុងទីក្រុង Okinawa ប្រទេសជប៉ុន ដោយបំផ្លាញអគារធំតែម្តង ។
ក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមជួយសង្គ្រោះចាប់តាំងពីព្រលឹមថ្ងៃព្រហស្បតិ៍ ខណៈមកទល់ពេលនេះគ្មាននរណាម្នាក់រងរបួសឡើយ ។ ប្រាសាទខាងលើត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៤២៩ នៅក្នុងសម័យអាណាចក្រ Ryukyu Dynasty ហើយបានដាក់ជាទ្រព្យសម្បត្តិជាតិរបស់ប្រទេសជប៉ុន នៅក្នុងឆ្នាំ ១៩៣៣ ។ វាត្រូវបានបំផ្លាញម្តងរួចមកហើយ នៅក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ។
អគារនៅភាគខាងជើង និង ខាងត្បូងនៃប្រាសាទ ដែលសាងសង់ឡើងពីឈើទាំងស្រុង ត្រូវបានភ្លើងឆាបឆេះរាបដល់ដីតែម្តង ។ នេះបើយោងតាមសារព័ត៌មាន Japan Times ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុដែលបណ្តាលឱ្យកើតមានហេតុការណ៍នេះឡើង មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ៕
ប្រភព ៖ BBC