ឡាន Baojun RS-3 រាងឡើងម៉ាអេម ឯតម្លៃត្រឹមតែ ១ ម៉ឺនដុល្លារ!
ក្រុមហ៊ុនរថយន្តចិន Baojun បានបញ្ចេញ SUV ខ្នាតតូចម៉ូដែលថ្មី ហៅថា RS-3 សម្រាប់ដាក់លក់លើទីផ្សារក្នុងស្រុក ។ RS-3 គឺជារថយន្តម៉ូដែលទី ៤ របស់ក្រុមហ៊ុន Baojun ដែលបានចូលរួមជាមួយ RS-5 , RM-5 និង RC-6 ។
រថយន្ត Baojun RS-3 នេះ ទទួលបានការរចនាយ៉ាងស្រស់ស្អាត និង ទាក់ទាញ ហើយថែមទាំងលេចធ្លោទៀតផង មិនចាញ់រថយន្តអឺរ៉ុបឡើយ ។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងក៏បានរៀបចំ និង រចនាយ៉ាងប្រណីតផងដែរ ។
SUV ខ្នាតតូចនេះមានប្រវែង ៤,៣ ម៉ែត្រ , ទទឹង ១,៧ ម៉ែត្រ និង កម្ពស់ ១,៦ ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៥ ម៉ែត្រ ដែលផ្តល់កាប៊ីនខាងក្នុង ព្រមទាំងកន្លែងដាក់ឥវាន់ធំទូលាយ ។
វាបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Naturally Aspirated មានកម្លាំង ១០៣ សេះ ប្រើប្រអប់លេខអូតូ CVT ឬ លេខដៃ ៦ វគ្គ ។ វាត្រូវបានដាក់លក់ចំនួន ៤ ម៉ូដែលលើទីផ្សារប្រទេសចិន ជាមួយតម្លៃចាប់ពីខ្ទង់ ១០ ០០០ ដល់ ១២ ០០០ ដុល្លារ ៕
ប្រភព ៖ carscoops