Apple ប្រកាសចេញ AirPods Pro ផ្លូវការ តម្លៃ ២៤៩ ដុល្លារ
នៅទីបំផុត Apple បានប្រកាសចេញនូវកាសឥតខ្សែ AirPods Pro ជាផ្លូវការ ជាមួយនឹងតម្លៃចាប់ពី ២៤៩ ដុល្លារ ហើយនឹងមានលក់ចាប់ពីថ្ងៃទី ៣០ តុលា តទៅ ។
AirPods Pro មិនមែនផលិតឡើងដើម្បីជំនួស AirPods ឡើយ ប៉ុន្តែវាជាទំនិញប្រភេទ Premium ដែលពាំនាំយកមុខងារកាត់សំឡេងរំខាន Active Noise Cancellation , ការរចនាដើម្បីការពារទឹកថ្មី និង លក្ខណៈពិសេសមួយចំនួនទៀត ។
AirPods Pro គឺជាកាសរបស់ Apple ដំបូងបង្អស់ ដែលមានការរចនាបែប ញាត់ចូលរន្ធត្រចៀក (In-Ear) ។ មិនតែប៉ុណ្ណោះ ក្បាលរបស់វាគឺជាជ័រស៊ីលីកុន ដែលអាចកាត់បន្ថយសំឡេងរំខានបានមួយកម្រិតទៀត ។ លើសពីនេះ ប្រព័ន្ធរន្ធខ្យល់មួយជួយឱ្យសំពាធនៅក្នុងត្រចៀកស្មើល្អ ដែលមិនធ្វើឱ្យអ្នកពាក់ឈឺ ឬ មិនស្រួលក្នុងត្រចៀកឡើយ ។
AirPods Pro ក៏មានមុខងារមួយហៅថា Transparency ដែលអាចឱ្យអ្នកស្តាប់ឮសំឡេងពីខាងក្រៅ ដូចជា សំឡេងចរាចរ និង សំឡេងប្រកាសនៅព្រលានយន្តហោះ ជាដើម ។ វាក៏បំពាក់អាវក្រោះការពារទឹក និង ញើស កម្រិត IPX4 ផងដែរ ។
សូមបញ្ជាក់ថា AirPods Pro មានថាមពលថ្មីអាចប្រើបាន ៤,៥ ម៉ោងក្នុងការស្តាប់ចម្រៀង បើបើកមុខងារ Active Noise Cancellation និង ៥ ម៉ោងបើបិទមុខងារនេះ ។ ប្រអប់របស់វាអាចសាកភ្លើងល្បឿនលឿន និង អាចឱ្យវាបន្តជីវិតដល់ ២៤ ម៉ោងក្នុងការស្តាប់ចម្រៀង និង ១៨ ម៉ោងក្នុងការនិយាយទូរស័ព្ទ ៕
ប្រភព ៖ gsmarena