Land Rover ត្រៀមបញ្ចេញឡាន SUV ប្រើអគ្គិសនីសុទ្ធដំបូងបង្អស់
កាលពីឆ្នាំមុន ក្រុមហ៊ុនរថយន្ត Land Rover បានចុះប៉ាតង់លើឈ្មោះ “Road Rover” ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមថា ពួកគេកំពុងផលិតរថយន្ត Sedan ប្រណីតដើម្បីប្រជែងនឹង Mercedes S-Class ។ ក្រោយមក របាយការណ៍ថ្មីបានអះអាងថា Road Rover នឹងជារថយន្តប្រភេទគូទហើមប្រើអគ្គិសនី (Electric Wagon) ដែលអាចប្រជែងនឹង Audi A4 Allroad និង Volvo V90 CrossCountry ។
ឥឡូវនេះ គេហទំព័រ Autocar បានអះអាងថា Road Rover នឹងជារថយន្ត SUV ប្រើអគ្គិសនីសុទ្ធដំបូងបង្អស់របស់ Land Rover ហើយនឹងចេញលក់នៅក្នុងឆ្នាំ ២០២១ ទៀតផង ។
Road Rover នឹងក្លាយជា SUV ដំណើរការដោយថាមពលអគ្គិសនីដ៏ប្រណីត ហើយមានសមត្ថភាពអស្ចារ្យលើដងផ្លូវ ក៏ដូចជាការបើកបរផ្លូវលំបាក (Off-road) ផងដែរ ។
ក្រុមហ៊ុន Land Rover បានចាត់ទុក Road Rover ថាជារថយន្ត “SUV ខ្នាតមធ្យម” ដែលអាចប្រជែងនឹង Porsche Macan EV ព្រមទាំង Audi e-tron Sportback ជាដើម ។
បើនិយាយពីទំហំតួខ្លួនវាវិញ Road Rover នឹងស្ថិតនៅចន្លោះរថយន្ត Range Rover Evoque និង Velar ប៉ុន្តែនឹងមានដំបូលរាងទាល ហើយផ្នែកខាងមុខតូចជាង ដើម្បីជួយដល់ការសន្សំសំចៃថាមពល ៕
ប្រភព ៖ Carbuzz