Realme X2 Pro ថ្មី តម្លៃមិនដល់ ៤០០ ដុល្លារ តែប្រើឈីប SD855+ អេក្រង់ 90Hz កាមេរ៉ា ៤ គ្រាប់
Realme បានប្រកាសចេញនូវស្មាតហ្វូនថ្មី X2 Pro ដើម្បីប្រជែងស្មាតហ្វូន Flagship របស់ Xiaomi, Honor និង OnePlus ។
Realme X2 Pro ប្រើអេក្រង់ 90Hz Super AMOLED ទំហំ ៦,៥ អ៊ីង បង្ហាញរូបភាពកម្រិត 1080p+ ជាមួយមុខងារ HDR10+ និង DCI-P3 ។ វាបង្កប់សេនស័រស្កេនម្រាមដៃក្រោមអេក្រង់ ដែលអាចដោះសោរបានលឿនជាងមុន ប្រើពេលត្រឹមតែ ០,២៣ វិនាទីប៉ុណ្ណោះ ។
ស្មាតហ្វូនប្រភេទ Flagship ថ្មីនេះបំពាក់បន្ទះឈីប Snapdragon 855+ ជួយឱ្យ GPU ដំណើរការលឿនជាងមុន ១៥% ជាមួយមុខងារ HyperBoost 2.0 ជួយឱ្យ Frame Rates ដំណើរការថេរ ខណៈ Touch Boost 2.0 ជួយឱ្យការចុច Touch កាន់តែដើរស្រួល ៣៥% ។
X2 Pro មានជម្រើសម៉ូដែល RAM 6GB / ទំហំផ្ទុក 64GB , RAM 8GB / ទំហំផ្ទុក 128G និង RAM 12GB / ទំហំផ្ទុក 256GB ។ វាបំពាក់កាមេរ៉ារហូតដល់ទៅ ៤ គ្រាប់នៅខាងក្រោយ គឺ កាមេរ៉ាគោល 64MP មានមុខងារ Nightscape 2.0 សម្រាប់ការថតពេលយប់កាន់តែប្រសើរ , កាមេរ៉ា 2x Telephoto ទំហំ 13MP អាចថតវីដេអូដល់កម្រិត 4K ជាមួយមុខងារទប់លំនឹង EIS , កាមេរ៉ា Wide-angle ទំហំ 8MP អាចថតបាន ១១៥ ដឺក្រេ ហើយថតវីដេអុ Slow-motion ដល់កម្រិត 720p 960fps និង កាមេរ៉ា Depth Sensor ទំហំ 2MP ។
ដោយឡែក កាមេរ៉ាខាងមុខមានតែមួយគ្រាប់ប៉ុណ្ណោះ គឺទំហំ 16MP តែក៏មានមុខងារ Nightscape និង EIS សម្រាប់ទប់លំនឹងពេលថតវីដេអូផងដែរ ។ Realme X2 Pro ប្រើថ្មកម្លាំង 4,000mAh ហើយអាចសាកថ្មល្បឿនលឿន SuperVOOC Fast Charging កម្លាំង 50W ទៀតផង ។ វាប្រើពេលត្រឹម ៣០ នាទីប៉ុណ្ណោះដើម្បីសាកថ្មបាន ៨០% ។
សូមបញ្ជាក់ថា Realme X2 Pro នឹងត្រូវដាក់លក់នៅលើទីផ្សារប្រទេសចិន ចាប់ពីថ្ងៃទី ១៨ តុលា ជាមួយតម្លៃ ៣៨០ ដុល្លារសម្រាប់ម៉ូដែល 6GB/64GB , ៤១០ ដុល្លារសម្រាប់ម៉ូដែល 8GB/128GB និង ៤៦៥ ដុល្លារសម្រាប់ម៉ូដែល 12GB/256GB ៕
ប្រភព ៖ gsmarena