Volkswagen ចេញ SUV ខ្នាតតូចថ្មីសន្លាង ម៉ូដែល Atlas Cross Sport រាងស្អាតខ្លាំង
ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Volkswagen ទើបតែបានបញ្ចេញរថយន្ត SUV ខ្នាតតូចម៉ូដែលថ្មីសន្លាងមួយ គឺ Atlas Cross Sport ស៊េរីឆ្នាំ ២០២០ ដែលមានតួមិនខ្ពស់ខ្លាំង ក៏មិនទាបខ្លាំង ហើយរចនាយ៉ាងទាក់ទាញ ។
បើនិយាយពីទំហំវិញ Atlas Cross Sport មានប្រវែងខ្លីជាងម៉ូដែល Atlas ៧,១ សង់ទីម៉ែត្រ និង ទាបជាង ៥,៨ សង់ទីម៉ែត្រ ។ ប៉ុន្តែប្រហែងពីកង់មុខទៅកង់ក្រោយរបស់ពួកវាគឺប្រហាក់ប្រហែលគ្នា ដែលធ្វើឱ្យរថយន្ត Atlas Cross Sport មានកាប៊ីនខាងក្នុងធំទូលាយ និង កន្លែងផ្ទុកឥវ៉ាន់បានច្រើនផងដែរ ។
រថយន្ត SUV ខ្នាតតូចថ្មីនេះ ចែកចេញជា ៨ ម៉ូដែលគឺ S, SE, SE Tech, SE Tech R-Line, SEL, SEL R-Line, SEL Premium និង SEL Premium R-Line ។ វាបំពាក់មុខងារជំនួយការបើកបរជាច្រើន រួមទាំង Adaptive Cruise Control និង Lane Keeping System ព្រមទាំងមុខងារថ្មី ២ ទៀត គឺ Traffic Jam Assist និង Dynamic Road Sign Display ។
សូមបញ្ជាក់ថា Volkswagen Atlas Cross Sport មានជម្រើសម៉ាស៊ីនចំនួន ២ គឺ ទំហំ ៦ ស៊ីឡាំង កម្លាំង ២៧៦ សេះ និង ទំហំ ៤ ស៊ីឡាំង Turbocharged TSI កម្លាំង ២៣៥ សេះ ។ ពួកវាដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ហើយក៏មាន Option ប៉ុងពីរ 4Motion AWD ដែរ ។ ម៉ូដែលម៉ាស៊ីន ៦ ស៊ីឡាំង មានសមត្ថភាពអាចអូសសណ្តោងបានរហូតដល់ទៅ ២ ២៦០ គីឡូក្រាមឯណោះ ៕
ប្រភព ៖ Carscoops