BMW M8 Gran Coupe ឆ្នាំ ២០២០ ទាំងខ្លាំង និង ទំនើប ឯរូបរាងរឹតតែកប់
BMW 8 Series គឺជារថយន្តដែលទទួលបានការរចនាដ៏ទាក់ទាញបំផុតមួយ ដោយកាលចេញដំបូងមានតួខ្លួន ២ ប្រភេទ គឺ ទ្វារ ២ (Coupe) និង ទ្វារ ២ បើកដំបូល (Convertible) ។ ឥឡូវនេះ BMW បានបញ្ចេញប្រភេទមួយទៀតគឺ ទ្វារ ៤ ហៅថា BMW M8 Gran Coupe ដែលមានរូបរាងកាន់តែស្អាតជាងមុន ។
M8 Gran Coupe ប្រើម៉ាស៊ីនចំណុះ ៤,៤ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៦០០ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ ។
BMW អះអាងថា វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,១ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង និង ឡើងដល់ ៣០៥ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើបំពាក់កញ្ចប់ Option “M Driver’s Package” ។
BMW ផ្តល់ជម្រើសពណ៌តួខ្លួនជាច្រើនសម្រាប់ M8 Gran Coupe រហូតដល់ទៅ ៩ ពណ៌ ហើយនឹងពណ៌ពិសេស BMW Individual រហូតដល់ទៅ ៥ ទៀត គឺ ពណ៌ប្រផេះ (Dravit Grey Metallic), ពណ៌ត្នោត (Almandin Brown Metallic), ពណ៌ស្លា (Ametrin Metallic), ពណ៌ក្រហម (Aventurin Red Metallic) និង ពណ៌ខៀវ (Frozen Bluestone Metallic) ។
សូមបញ្ជាក់ថា M8 Gran Coupe នឹងមានតម្លៃចាប់ពី ១៣០ ០០០ ដុល្លារលើទីផ្សារបរទេស ។ BMW ក៏នឹងចេញម៉ូដែល M8 Gran Coupe First Edition ដែលមានលក់ត្រឹម ៥០ គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។ ទាំង ៥០ គ្រឿងនោះនឹងត្រូវប្រើពណ៌បៃតង (Individual Diamant Green Metallic) ៕
ប្រភព ៖ Carbuzz