Microsoft ចេញ Laptop ថ្មីម្តង ៣ ម៉ូដែល Surface Laptop 3, Pro 7 និង Pro X
Microsoft បានប្រកាសចេញនូវ Laptop ដំណើរការដោយ Windows 10 ចំនួន ៣ ម៉ូដែល គឺ Surface Laptop 3, Surface Pro 7 និង Surface Pro X ។
Surface Laptop 3
ការរចនារបស់វាស្រៀងទៅនឹងស៊េរីមុន តែបានបន្ថែមរន្ធ USB-C សម្រាប់ផ្ទេរទិន្នន័យ និង សាកថ្មបាន ៨០% មិនដល់មួយម៉ោងឡើយ ខណៈថាមពលថ្មរបស់វាអាចប្រើបានពេញមួយថ្ងៃ ។
Surface Laptop 3 មាន ២ ជម្រើស គឺ ទំហំ ១៣,៥ អ៊ីង តម្លៃចាប់ពី ៩៩៩ ដុល្លារ និង ១៥ អ៊ីង តម្លៃចាប់ពី ១ ១៩៩ ដុល្លារ ប៉ុន្តែមានតែម៉ូដែល ១៣,៥ អ៊ីងប៉ុណ្ណោះ ដែលប្រើ CPU ជំនាន់ទី ១០ ខណៈម៉ូដែល ១៥ អ៊ីង ប្រើ CPU Ryzen របស់ AMD ។
ខាងក្រោមនេះជាតម្លៃផ្សេងទៀតរបស់ម៉ូដែល ១៣,៥ អ៊ីង៖
- ម៉ូដែល Core i5 8GB/256GB តម្លៃ ១ ២៩៩ ដុល្លារ
- ម៉ូដែល Core i7 16GB/256GB តម្លៃ ១ ៥៩៩ ដុល្លារ
- ម៉ូដែល Core i7 16GB/512GB តម្លៃ ១ ៩៩៩ ដុល្លារ
Surface Pro 7
វាក៏ទទួលបានរន្ធ USB-C ដែរ ព្រមទាំងប៊ិច Surface Pen ដ៏អស្ចារ្យ ។ វាមានទំហំ ១២,៣ អ៊ីង ហើយប្រើ CPU ជំនាន់ចុងក្រោយបង្អស់របស់ Intel ផងដែរ ។ Surface Pro 7 មានតម្លៃចាប់ពី ៧៤៩ ដុល្លារសម្រាប់ម៉ូដែល i3 4GB/128GB ។
ខាងក្រោមនេះជាតម្លៃផ្សេងទៀត៖
- ម៉ូដែល Core i5 8GB/128GB តម្លៃ ៨៩៩ ដុល្លារ
- ម៉ូដែល Core i5 8GB/256GB តម្លៃ ១ ១៩៩ ដុល្លារ
- ម៉ូដែល Core i5 16GB/256GB តម្លៃ ១ ៣៩៩ ដុល្លារ
- ម៉ូដែល Core i7 16GB/256GB តម្លៃ ១ ៤៩៩ ដុល្លារ
- ម៉ូដែល Core i7 16GB/1TB តម្លៃ ២ ២៩៩ ដុល្លារ
Surface Pro X
មិនខុសពី Surface Pro 7 ប៉ុន្មានឡើយ Surface Pro X ប្រៀបដូចជា Tablet ភ្ជាប់ជាមួយ Keyboard ដែលអាចដោះ-ដាក់បាន ប៉ុន្តែដំណើរការដោយបន្ទះឈីប Qualcomm ប្រភេទ Custom ហៅថា Surface SQ1 ។ វាមានទំហំ ១៣ អ៊ីង ហើយមានរូបរាងស្លីមស្តើងត្រឹម ៥,៣ មីល្លីម៉ែត្រ ខណៈទម្ងន់របស់វាត្រឹមតែ ៨០០ ក្រាមប៉ុណ្ណោះ ។ វាក៏មានរន្ធ USB-C ដែរ ហើយមានតម្លៃចាប់ពី ៩៩៩ ដុល្លារ ៕
ប្រភព ៖ gsmarena