Mazda 3 TCR ឆ្នាំ ២០២០ អាចរត់ដល់ល្បឿន ២៤០ គ.ម៉/ម៉ បង្ហាញខ្លួនជាផ្លូវការ
Mazda បានបង្ហាញរថយន្ត Sedan ស្ព័រម៉ូដែល Mazda 3 TCR ស៊េរីឆ្នាំ ២០២០ ដែលជាផ្នែកមួយសម្រាប់កីឡាប្រណាំងរថយន្ត Motorsport ។
វាត្រូវបានរចនាឡើងដោយ Mazda Design America ស្ថិតនៅក្នុងទីក្រុង Irvine រដ្ឋ California សហរដ្ឋអាមេរិក ដោយផ្អែកលើរថយន្ត Mazda 3 Hatchback ស៊េរីឆ្នាំ ២០២០ ។
រថយន្ត Mazda 3 TCR នេះប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបានរហូតដល់ទៅ ៣៥០ សេះ ដំណើរការដោយប្រអប់លេខប្រភេទ Sadev ឬ Xtrac ៦ វគ្គ និង ប្រព័ន្ធបើកបរប៉ុងមួយ FWD ។ វាអាចរត់ដល់ល្បឿនអតិបរមា ២៤១ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ដោយអនុវត្តតាមច្បាប់ TCR Touring Car រថយន្ត Mazda 3 TCR នៅតែរក្សារូបរាងដើមដដែល ប៉ុន្តែបន្ថែមគ្រឿងគ្រូវកាត់ខ្យល់ ដូចជា កាងកាត់ខ្យល់ផ្នែកខាងមុខ , កាងកាត់ខ្យល់ផ្នែកចំហៀង , និង កន្ទុយត្រីខាងក្រោយ ជាដើម ។ វាប្រើយ៉ាន់ទំហំ ១៨ អ៊ីង ព្រមទាំងប្រព័ន្ធហ្វ្រាំង Brembo ។
សូមបញ្ជាក់ថា Mazda3 TCR នឹងត្រូវចូលរួមប្រកួតជាលើកដំបូង នៅក្នុងកម្មវិធី 2020 IMSA Michelin Pilot Challenge នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ ៕
ប្រភព ៖ paultan