Nissan Juke ឆ្នាំ ២០២០ ដូររូបរាងទាំងស្រុង កាន់តែទាក់ទាញ
បន្ទាប់ពីអង្រួនទីផ្សាររថយន្ត SUV ខ្នាតតូចអស់រយៈពេល ១០ ឆ្នាំ ដោយសាររូបរាងបែបប្លែករបស់វា ឥឡូវនេះ Nissan Juke បានបង្ហាញខ្លួនសារជាថ្មី ជាមួយនឹងរូបរាងថ្មីទាំងស្រុង កាន់តែទាក់ទាញ ។
Nissan Juke ស៊េរីឆ្នាំ ២០២០ នៅតែរក្សារូបរាងបែបប្លែក ប៉ុន្តែផ្តល់នូវកាប៊ីនធំទូលាយជាងមុន ដោយសារតែគ្រោងឆ្អឹង CMF-B ថ្មីរបស់វា ។ វាមានប្រវែង ៤,២ ម៉ែត្រ , កម្ពស់ ១,៦ ម៉ែត្រ និង ទទឺង ១,៨ ម៉ែត្រ ហើយស្រាលជាងមុន ២៣ គីឡូក្រាម ។
Juke ជំនាន់ទី ២ នេះ នៅតែរក្សាការរចនាប្រចាំត្រកូល Nissan ជាមួយនឹងប៉ាណាមុខអក្សរ V ព្រមទាំងបំពាក់ចង្កៀងមុខអក្សរ Y ។ ចង្កៀងមុខ-ក្រោយ និង អំពូលបំភ្លឺពេលថ្ងៃ គឺជាប្រភេទ LED ហើយត្រូវបានបំពាក់មកស្តង់ដារតែម្តង ។ វាបានបន្ថែមពណ៌ថ្មីមួយទៀត ហៅថា Fuji Sunset ព្រមទាំង Option ជាច្រើន ដូចជា កាងមុខ , កាងចំហៀង និង យ៉ាន់ Alloy ទំហំ ១៩ អ៊ីង ជាដើម ។
ដោយឡែក ផ្នែកខាងក្នុង Juke បំពាក់អេក្រង់ព័ត៌មាន-កម្សាន្ត NissanConnect ថ្មី ទំហំ ៨ អ៊ីង ប្រភេទ Touch Screen ហើយអាចភ្ជាប់ជាមួយ Apple CarPlay , Android Auto និង Google Assistant ជាមួយប្រព័ន្ធសំឡេង Bose Personal Plus សរុប ៨ គ្រាប់ ។
សូមបញ្ជាក់ថា Nissan Juke ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ DIG-T Turbocharged ទំហំ ៣ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១១៥ សេះ ដំណើរការជាមួយប្រអប់លេខដៃ ៦ វគ្គ ឬ លេខអូតូ ៧ វគ្គប្រភេទ Dual-clutch ។
បើនិយាយពីបច្ចេកវិទ្យាបំពាក់លើ Juke ថ្មីវិញ មានដូជជា Nissan Intelligent Mobility, Intelligent Emergency Braking with Pedestrian and Cyclist Recognition, Traffic Sign Recognition, Intelligent Lane Intervention, Rear Cross Traffic Alert និង Blind Spot Intervention ជាដើម ។ វានឹងចេញលក់នៅចុងខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖ Carscoops