Subaru Forester ឆ្នាំ ២០២០ បំពាក់បច្ចេកវិទ្យាជំនួយការបើកបរថ្មី កាន់តែប្រសើរ
Subaru បានបញ្ចេញរថយន្ត SUV ដ៏ល្បីល្បាញរបស់ខ្លួន គឺ Forester ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដោយមានការអាប់ដេតលើបច្ចេកវិទ្យាជំនួយការបើកបរថ្មី កាន់តែប្រសើរជាងមុន ។
Subaru Forester ឆ្នាំ ២០២០ មានតម្លៃចាប់ពី ២៤ ៤៩៥ ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក ។ វាបានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ EyeSight ថ្មី ដែលបន្ថែមមុខងារជួយឱ្យរថយន្តស្ថិតនៅចំកណ្តាលគន្លងផ្លូវ Lane Centering និង មុខងារដាស់តឿនពេលអ្នកបើកបរបម្រុងធ្វើការផ្លាស់ប្តូរគន្លងផ្លូវ Lane Departure Prevention ។
មិនតែប៉ុណ្ណោះ Forester ថ្មី ក៏បំពាក់ប្រព័ន្ធ Rear Seat Reminder ដែលរំលឹកដាស់តឿនអ្នកបើកបរឱ្យពិនិត្យមើលកៅអីផ្នែកខាងក្រោយ មុនពេលចាកចេញពីរថយន្ត ជៀសវាងទុកក្មេង ឬ សត្វនៅក្នុងរថយន្តចោល បណ្តាលឱ្យមានគ្រោះថ្នាក់ផ្សេងៗ ។ ក្រៅពីនោះ Subaru ក៏បន្ថែមមុខងារពិនិត្យសម្ពាធកង់រថយន្ត Tire Pressure Monitoring System ផងដែរ ។
Subaru Forester ប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ប្រភេទ Boxer Engine ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៨២ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ប្រភេទ CVT និង ប្រព័ន្ធបើកបរប៉ុងពីរ Symmetrical AWD ៕
ប្រភព ៖ Carscoops