Mercedes-AMG GLB 35 បំពាក់កៅអីអង្គុយ ៧ អាចបើកដល់ល្បឿន ២៥០ គ.ម៉/ម៉
បន្ទាប់ពីបានបញ្ចេញម៉ូដែល GLE 53 Coupe រួចមក ឥឡូវនេះក្រុមហ៊ុន Mercedes-AMG បានបង្ហាញម៉ូដែល GLB 35 ដ៏ថ្មីសន្លាង ដែលអាចអង្គុយបានច្រើនគ្នា ហើយមានកម្លាំងខ្លាំងទៀតផង ។
រថយន្ត SUV បំពាក់កៅអីអង្គុយ ៧ GLB 35 ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣០២ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទ Dual-clutch និង ប្រព័ន្ធបើកបរប៉ុងពីរ AMG Performance 4MATIC AWD ។
Mercedes-AMG GLB 35 អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងពេល ប្រើពេល ៥,២ វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ មិនតែប៉ុណ្ណោះ GLB 35 បានបំពាក់ប្រព័ន្ធបូម AMG ដែលជួយមិនឱ្យតួខ្លួនញ័រខ្លាំង ហើយដំណើរការកាន់តែប្រសើរនៅលើផ្លូវកោង ។
ដោយឡែក ផ្នែកខាងក្នុង GLB 35 បានបំពាក់កៅអីប្រភេទ Artico / Dinamica Microfiber Sports Seats រំលេចដោយថ្នេរដេរពណ៌ក្រហមយ៉ាងស្រស់ស្អាត ។ មិនតែប៉ុណ្ណោះ វាបំពាក់កុងទ័រឌីជីថល , អេក្រង់បង្ហាញព័ត៌មាន-កម្សាន្យ MBUX និង ដៃចង្កូតស្បែក Nappa Leather ទៀតផង ៕
ប្រភព ៖ Carscoops