អស្ចារ្យមែន ! ឡានអគ្គិសនី Audi E-Tron ជិះឆ្លងកាត់ ១០ ប្រទេស ប្រើពេលត្រឹម ២៤ ម៉ោង
រថយន្តអគ្គិសនី Audi E-Tron ស៊េរីឆ្នាំ ២០២០ ចំនួន ៣ គ្រឿងបានជិះឆ្លងកាត់ប្រទេសអឺរ៉ុបចំនួន ១០ សរុបចម្ងាយជាង ១ ៦០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹម ២៤ ម៉ោង ដែលជាផ្នែកមួយដើម្បីបង្ហាញពីសមត្ថភាពដ៏អស្ចារ្យនៃរថយន្តអគ្គិសនីរបស់ Audi ក្នុងការបើកបរចម្ងាយផ្លូវឆ្ងាយ ។
ការធ្វើដំណើរដ៏ឆ្ងាយរយៈពេល ២៤ ម៉ោងនេះ បានធ្វើឡើងដោយអ្នកកាសែតចំនួន ៩ នាក់ ដោយប្រើរថយន្ត Audi E-Tron 55 Quattros ៣ គ្រឿង ចេញពីទន្លេ Lake Bled ក្នុងប្រទេសស្លូវេនី ឆ្លងកាត់ប្រទេសជាច្រើន ដូចជា អូទ្រីស , អ៊ីតាលី , លិកតិនស្តាញ (Liechtenstein) , ស្វីស , បារាំង , អាល្លឺម៉ង់ , លុចសំបួរ , បែលស៊ិក និង ចុងក្រោយទៅដល់ទីក្រុង Amsterdam ប្រទេសហូឡង់ ។
ការធ្វើដំណើរនេះអាចធ្វើទៅបាន ដោយសារតែរថយន្ត Audi E-Tron ទាំងនោះបានបំពាក់អាគុយកម្លាំង ១៥០ គីឡូវ៉ាត់ ដែលអាចសាកភ្លើងល្បឿនលឿន ដោយចំណាយពេលត្រឹម ៣០ នាទីប៉ុណ្ណោះដើម្បីសាកភ្លើងបាន ៨០ ភាគរយ ។
សូមបញ្ជាក់ឱ្យដឹងថា រថយន្ត E-Tron នីមួយៗបានឈប់ដើម្បីសាកភ្លើងសរុប ៧ ដង ៕
ប្រភព ៖ Carscoops