បែកធ្លាយរូបរាង OnePlus 7T បើបែបនេះស្រឡាញ់អត់ ?
កាលពីប៉ុន្មានថ្ងៃមុន មានការបែកធ្លាយរូប OnePlus មិនស្គាល់ម៉ូដែលមួយ ដែលមានកាមេរ៉ាក្រោយ ៣ គ្រាប់ក្នុងស៊ុមរាងមូល ។ ក្រោយមកទើបគេដឹងថាជា OnePlus 7T ។ ការអះអាងនេះបានមកពីគេហទំព័រដ៏ល្បី OnLeaks ។
ផ្នែកខាងមុខ OnePlus 7T មើលទៅស្រដៀងទៅនឹង OnePlus 7 ដែរ ដោយមានកាមេរ៉ាដំណក់ទឹក និង រន្ធបំពងសំឡេងនៅពីលើ ប៉ុន្តែផ្នែកខាងក្រោយវិញ គឺខុសគ្នាស្រឡះតែម្តង ។ OnePlus 7 មានកាមេរ៉ាក្រោយបញ្ឈរ ២ ខណៈ OnePlus 7T មានកាមេរ៉ាក្រោយផ្តេក ៣ និង Flash មួយ ក្នុងស៊ុមរាងរង្វង់មូល ។
មិនតែប៉ុណ្ណោះ ផ្នែកខាងក្រោមនៃ OnePlus 7T ក៏ខុសពី OnePlus 7 ដែរ ដោយមានកន្លែងដាក់ស៊ីមកាត , រន្ធសាកថ្ម USB-C និង រន្ធបំពងសំឡេង ។ គេរំពឹងថា OnePlus 7T នឹងប្រើឈីប Snapdragon 855+ SoC និង RAM ទំហំ 8GB ។ វាទំនងនឹងបង្ហាញខ្លួននៅខែក្រោយ ជាមួយទូរទស្សន៍ OnePlus TV ៕
ប្រភព ៖ gsmarena