Toyota Camry TRD ឆ្នាំ ២០២០ ចេញតម្លៃលក់ហើយ តែជាង ៣ ម៉ឺនដុល្លារទេនៅអាមេរិក
Toyota បានចេញតម្លៃលក់រថយន្ត Toyota Camry TRD ស៊េរីឆ្នាំ ២០២០ លើទីផ្សារសហរដ្ឋអាមេរិក ជាផ្លូវការ ។
Toyota Camry TRD ថ្មីមានតម្លៃចាប់ពី ៣១ ៩៩៥ ដុល្លារ ដោយថ្លៃជាងម៉ូដែល XSE ត្រឹមតែ ៤ ០០០ ដុល្លារប៉ុណ្ណោះ ។ មូលហេតុដែល Camry TRD មានតម្លៃថោកសមរម្យ ក៏ដោយសារតែវាផ្អែកលើម៉ូដែល SE ពោលគឺគ្មានពូកស្បែក , ផែនទី ឬ ប្រព័ន្ធជំនួយការបើកបរមួយចំនួនឡើយ ។ ដូចដែលឈ្មោះរបស់វា Camry TRD ផ្តោតខ្លាំងលើដំណើរការ (Performance) ។
Camry TRD បានបំពាក់ប្រព័ន្ធបូមរឹង និង ទាបជាងមុន , ពង្រីកបង្គោលទប់ការពារក្រឡាប់ , បន្ថែមដែករណប , សម្បកកង់ស្អិតជាងមុន និង ហ្វ្រាំងមុខធំជាងមុន ០,៩ អ៊ីងជាដើម ។ មិនតែប៉ុណ្ណោះ វាក៏បំពាក់ប្រព័ន្ធបំពង់ស៊ីម៉ាំង TRD , រូបរាងខាងក្រៅរឹតតែស្ព័រ និង ផ្នែកខាងក្នុងរំលេចដោយពណ៌ក្រហម ទៀតផង ។
សូមបញ្ជាក់ថា រថយន្ត Camry TRD ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ Naturally-aspirated ទំហំ ៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣០១ សេះ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖ Carscoops