Samsung ចេញ Galaxy A50s និង A30s ប្រើកាមេរ៉ាថ្មី សមត្ថភាពកាន់តែប្រសើរ
Samsung បានបញ្ចេញទូរស័ព្ទ Galaxy A50s និង Galaxy A30s ជាផ្លូវការនៅថ្ងៃនេះ ដោយនាំយកការអាប់ដេតកាន់តែប្រសើរ ។ Galaxy A50 គឺជាទូរស័ព្ទត្រកូល A លក់ដាច់បំផុតរបស់ Samsung ។
Samsung Galaxy A50s
វាទទួលបានការរចនាឡើងវិញនូវខ្នងខាងក្រោយ ហើយមានរហូតដល់ទៅ ៤ ពណ៌ គឺ ពណ៌ខ្មៅ (Prism Crush Black) , ពណ៌ស (Prism Crush White) , ពណ៌បៃតង (Prism Crush Green) និង ពណ៌ស្វាយ (Prism Crush Violet) ។
រឹតតែពិសេសនោះ A50s បានបំពាក់កាមេរ៉ាថ្មី ទំហំ 48MP f/2.0 និង កាមេរ៉ា Depth 5MP ព្រមទាំង កាមេរ៉ា Ultrawide 8MP ថតបាន ១២៣ ដឺក្រេ ។ មិនតែប៉ុណ្ណោះ កាមេរ៉ាមុខក៏បានអាប់ដេតពី 25MP f/2.0 ទៅ 32MP f/2.0 ផងដែរ ។
ក្រៅពីនោះ A50s គឺដូច A50 ធម្មតាអីចឹង ដូចជា អេក្រង់ Infinity-U Super AMOLED ទំហំ ៦,៤ អ៊ីង កម្រិតបង្ហាញ 1080x2340px , ឈីប 10nm Exynos 9610 , RAM 4GB ឬ 6GB , ថាមពលថ្ម ៤ ០០០mAh ជាមួយនឹងកម្លាំងសាក 15W និង សេនស័រស្កេនម្រាមដៃក្រោមអេក្រង់ ។
Samsung Galaxy A30s
A30s ក៏ទទួលបានការរចនាថ្មី និង មាន ៤ ពណ៌ដូច A50s ដែរ ។ កាមេរ៉ាក្រោយរបស់វាថ្មីទំហំ 25MP f/1.7 , កាមេរ៉េ Ultrawide 8MP និង កាមេរ៉ា Depth 5MP ។ ដោយឡែក កាមេរ៉ាមុខវាមិនផ្លាស់ប្តូរឡើយ គឺនៅ 16MP f/2.0 ដដែល ។
មុខងារពិសេសថ្មីគឺ សេនស័រស្កេនម្រាមដៃក្រោមអេក្រង់ ដែល A30 ពីមុនប្រើនៅខ្នងខាងក្រោយទូរស័ព្ទ ។ A30s ប្រើអេក្រង់ Infinity-V Super AMOLED ទំហំ ៦,៤ អ៊ីង ជាមួយនឹងកម្រិតបង្ហាញ 720x1560px , ឈីប 14nm Exynos 7904 , RAM 3GB ឬ 4GB និង ថាមពលថ្ម ៤ ០០០mAh ជាមួយនឹងកម្លាំងសាក 15W ៕
ប្រភព ៖ gsmarena