Mercedes-Benz ចេញលក់ឡានវ៉ែនប្រើអគ្គិសនីសុទ្ធ សាកភ្លើងពេញជិះបាន ៤០០ គ.ម៉
ក្រុមហ៊ុន Mercedes-Benz បានបញ្ចេញរថយន្តវ៉ែនដំណើរការដោយថាមពលអគ្គិសនីសុទ្ធរបស់ខ្លួនជាផ្លូវការ ហៅថា EQV ។ វាគឺជារថយន្ត Mercedes ទី ២ ដែលប្រើថាមពលអគ្គិសនីសុទ្ធ បន្ទាប់ពីម៉ូដែល EQC SUV ។
Mercedes-Benz EQV ប្រើម៉ូទ័រអគ្គិសនីមួយ និង អាគុយ lithium-ion ទំហំ ៩០ គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងសរុបបាន ២៤០ សេះ ហើយអាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង និង មានល្បឿនអតិបរមារហូតដល់ទៅ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
Mercedes-Benz អះអាងថា វាអាចផ្ទុកអ្នកដំណើរបាន ៧ ទៅ ៨ នាក់ ដូចម៉ូដែល V-Class ដែរ ដោយសារតែកញ្ចប់អាគុយរបស់វា ដាក់នៅផ្នែកក្រោមនៃកាប៊ីនរថយន្ត ។
គួរបញ្ជាក់ថា Mercedes-Benz គឺជាក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ដំបូងបង្អស់លើពិភពលោក ដែលផលិតរថយន្តវ៉ែនប្រើអគ្គិសនី ប៉ុន្តែមិនទាន់បានបញ្ចេញតម្លៃរបស់វានៅឡើយទេ ខណៈគេរំពឹងថា វាទំនងជាថ្លៃជាង V-Class បន្តិចបន្តួចប៉ុណ្ណោះ ។ រថយន្ត V-Class V220d មានតម្លៃជិត ៤ លានបាត ឬ ប្រហែល ១៣ ម៉ឺនដុល្លារនៅលើទីផ្សារប្រទេសថៃ ៕
ដោយ ៖ ឡុង
ប្រភព ៖ bangkokpost