កាលពីឆ្នាំមុន នាយកប្រតិបតិ្តក្រុមហ៊ុន Toyota Motor North America លោក Jim Lentz បាននិយាយថា ក្រុមហ៊ុនបានខិតខំយ៉ាងខ្លាំង លើគ្រប់ប្រភេទរថយន្ត ដើម្បីប្រាកដថាអាចប្រកួតប្រជែងជាមួយគេ ហើយទទួលបានផលចំណេញមកវិញ ។
ជាមួយគ្នានេះ គេជឿជាក់ថា Toyota មានគម្រោងឈប់លក់រថយន្តជាច្រើនម៉ូដែល ដែលលក់ដាច់តិចបំផុត ខណៈ Land Cruiser អាចស្ថិតក្នុងចំណោមនោះដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនទាន់ជាផ្លូវការឡើយ ប៉ុន្តែ លោក Jonny Lieberman មកពីគេហទំព័រ Motor Trend បានបង្ហោះសារលើបណ្តាញសង្គម Instagram ថា Land Cruiser នឹងលែងមានលក់នៅសហរដ្ឋអាមេរិក បន្ទាប់ពីឆ្នាំ ២០២២ ។
យ៉ាងណាមិញ គេហទំព័រ Jalopnik បានឆ្លើយឆ្លងជាមួយ Toyota ផ្ទាល់លើរឿងរ៉ាវនេះ ដោយក្រុមហ៊ុនរថយន្តជប៉ុនខាងលើប្រាប់ថា “Land Cruiser គឺជារថយន្តដែលមិនអាចបំភ្លេចចោលបានឡើយ ព្រោះវាបានបង្កើតកេរ្តិ៍ឈ្មោះឱ្យ Toyota ទាំងភាពធន់ ប្រើប្រាស់បានយូរ និង សមត្ថភាព ។ ថ្វីបើយើងមិនអាចអត្ថាធិប្បាយលើផលិតផលនាពេលអនាគត ប៉ុន្តែយើងអាចអះអាងថា នៅពេលនេះ មិនទាន់មានការសម្រេចចិត្តណាមួយឡើយ ក្នុងការបញ្ចប់ការលក់រថយន្ត Land Cruiser នៅសហរដ្ឋអាមេរិក” ។
បើយោងតាមគេហទំព័រ Carsalesbase បានបង្ហាញថា Toyota លក់ដាច់រថយន្ត Land Cruiser ត្រឹមតែ ៣ ២៣៥ គ្រឿងប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៨ ហើយលក់ដាច់តែ ១ ៨៧៧ គ្រឿងប៉ុណ្ណោះក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០១៩ នេះ ។ Toyota Land Cruiser មានតម្លៃ ៨៥ ១៦៥ ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក ៕