ម៉ូតូថៃ GPX POPz 125 រាងដូចអាគុប តម្លៃតែជាង ១ ពាន់ដុល្លារ
ក្រុមហ៊ុនម៉ូតូថៃ GPX ទើបតែបានបញ្ចេញម៉ូតូម៉ូដែលថ្មីមួយទៀតហៅថា POPz 125 ដែលមានរូបរាងស្រដៀងទៅនឹង ម៉ូតូ Honda Supercub អីចឹង ។
POPz 125 ត្រូវបានបង្កើតឡើងដើម្បីទាក់ចិត្តអតិថិជនវ័យក្មេង ជាមួយនឹងការរចនាបែបទាន់សម័យ និង ស៊ីវីល័យ ព្រមទាំងឆើតឆាយទៀតផង ។ មិនតែប៉ុណ្ណោះ វាបានបំពាក់ចង្កៀងមុខ-ក្រោយប្រភេទ LED យ៉ាងស្រស់ស្អាតផងដែរ ។
GPX POPz 125 ថ្មីនេះប្រើម៉ាស៊ីនកម្លាំង ១២៥ សេសេ ជាមួយនឹងប្រព័ន្ធប៊ិចសាំង GPX-Fi Injectors ដំណើរការដោយចង្កឹះលេខ ៤ វគ្គ ។ វាមានប្រវែង ១,៨ ម៉ែត្រ ទទឹង ០,៦៨ ម៉ែត្រ និង កម្ពស់ ១,១ ម៉ែត្រ ហើយមានទម្ងន់ ៩៩ គីឡូក្រាម ។ ម៉ូតូនេះអាចផ្ទុកសាំងបានចំណុះ ៤ លីត្រ ។
សូមបញ្ជាក់ថា POPz 125 ត្រូវបានដាក់លក់ក្នុងតម្លៃ ៤១ ៥០០ បាត ឬប្រហែល ១ ៣៥០ ដុល្លារ ហើយមានច្រើនពណ៌ ដូចជា ផ្កាឈូក-ខ្មៅ , ខ្មៅ-ស , ក្រហម-ខ្មៅ និង ខ្មៅ-ទឹកក្រូច ជាដើម ៕
ដោយ ៖ ឡុង
ប្រភព ៖ motorival