Toyota ចេញលក់ឡានវ៉ែនថ្មីនៅថៃ តម្លៃជាង ៥ ម៉ឺនដុល្លារ
Toyota បានចេញលក់រថយន្តប្រភេទវ៉ែនថ្មីនៅក្នុងប្រទេសថៃ មានឈ្មោះថា Majesty ខណៈទីផ្សារមួយចំនួនទៀតហៅថា Granvia ។
Majesty ទទួលបានការរចនាយ៉ាងស្រស់ស្អាតទាំងខាងមុខ និង ខាងក្រោយ បែបទាន់សម័យ ។ រីឯផ្នែកខាងក្នុងរបស់វាកាន់តែទំនើប និង ធំទូលាយ ជាមួយនឹងការបំពាក់កៅអីរហូតដល់ទៅ ៨ ។ ពោងសុវត្ថិភាពចំនួន ៩ ត្រូវបានបំពាក់មកស្តង់ដារតែម្តង រួមទាំងបច្ចេកវិទ្យាជំនួយការបើកបរច្រើនជាង ៥ មុខ ។
Toyota Motor Thailand បានលក់ Majesty ជា ៣ ម៉ូដែល គឺ Standard មានតម្លៃ ៥៥ ០០០ ដុល្លារ , Premium តម្លៃ ៦១ ០០០ ដុល្លារ និង Grande តម្លៃ ៧១ ០០០ ដុល្លារ ។
សូមបញ្ជាក់ថា រថយន្ត Toyota Majesty នេះមានជម្រើសម៉ាស៊ីនតែមួយប៉ុណ្ណោះ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Diesel-turbo ដែលបង្កើតកម្លាំងបាន ១៦៣ សេះ ដំណើរការដោយប្រអប់លេខដៃ ៦ វគ្គ ។ Majesty ជាគូប្រជែងរបស់ Hyundai Starex និង Volkswagen Caravelle ៕
ដោយ ៖ ឡុង
ប្រភព ៖ bangkokpost