Lexus LC 500 Inspiration Series ថែមពណ៌បៃតងយ៉ាងពិសេស ផលិតតែ ១០០ គ្រឿងគត់
Lexus ទើបតែបានបញ្ចេញរថយន្តម៉ូដែលពិសេសថ្មី គឺ LC 500 Inspiration Series ។ រថយន្តស្ព័រកម្លាំងខ្លាំងរបស់ជប៉ុននេះ នឹងត្រូវផលិតមានចំនួនកំណត់ត្រឹម ១០០ គ្រឿងប៉ុណ្ណោះ ហើយនឹងមានលក់នៅក្នុងខែតុលាខាងមុខ ។
យើងអាចមើលដឹងថាវាជាប្រភេទ Inspiration Series ដោយសារតែ Lexus បានបន្ថែមពណ៌ថ្មី គឺ ពណ៌បៃតងចាស់ (Nori Green Pearl) ផ្តាច់មុខសម្រាប់តែម៉ូដែលនេះ ព្រមទាំង យ៉ាន់ពីរពណ៌ទំហំ ២១ អ៊ីងផងដែរ ។
មិនតែប៉ុណ្ណោះ សូម្បីតែផ្នែកខាងក្នុងក៏បានបន្ថែមពណ៌លាយគ្នាពីរពណ៌ ហៅថា Bespoke Saddle Tan ជាមួយនឹង ស្បែកកាំម្ញី និង ស្បែកប្រភេទ Black Amber ទៀតផង ។
ទោះជាយ៉ាងណា LC 500 Inspiration Series នៅតែបំពាក់ម៉ាស៊ីនដូច LC 500 ធម្មតាដដែល គឺ ចំណុះ ៥,០ លីត្រ ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៤៧១ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ១០ វគ្គ និង ប្រព័ន្ធបើកបរប៉ុងមួយកាឡេកង់ក្រោយ ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៤ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមារហូតដល់ ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops