ស្ងាត់ៗ Toyota សំងំធ្វើតេស្តិ៍ RAV4 ប្រភេទ Plug-In Hybrid ដែលសន្សំសំចៃបំផុត
នាពេលថ្មីៗនេះ គេប្រមាញ់បានរូបថតជាច្រើនសន្លឹកនៃរថយន្ត Toyota RAV4 ស៊េរីថ្មី ដែលទំនងជាប្រភេទ Plug-in Hybrid (ប្រើសាំង-អាគុយ-សាកភ្លើង) ។
បើមើលតែមួយភ្លែតហាក់មិនមានអ្វីពិសេសឡើយ ប៉ុន្តែបើពិនិត្យឱ្យមែនទែនទៅ ទើបឃើញមានរន្ធសាកភ្លើងនៅក្បែរទ្វារអ្នកដំណើរចំហៀង ខណៈរូបរាងមិនមានអ្វីផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខុសពី RAV4 ធម្មតាឡើយ ព្រោះវាទំនងជាការធ្វើតេស្តិ៍លើម៉ាស៊ីនថ្មីប៉ុណ្ណោះ ។
ព័ត៌មានលេចចេញមិនច្រើនឡើយអំពី RAV4 Plug-in Hybrid ប៉ុន្តែវាទំនងជាប្រើម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង កម្លាំង ១៧៦ ដូច RAV4 Hybrid ដែរ ប៉ុន្តែគេរំពឹងថាវាអាចបំពាក់ម៉ូទ័រអគ្គិសនីកម្លាំងខ្លាំងជាង និង កញ្ចប់អាគុយធំជាង ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ចម្ងាយ ៤៨ គីឡូម៉ែត្រ ។
RAV4 Hybrid មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ប៉ុន្តែ RAV4 Plug-in Hybrid នឹងមានកម្រិតស៊ីសាំងជាមធ្យមតិចជាងនេះទៀត ។
ថ្វីបើព័ត៌មានលម្អិតមិនទាន់ចេញ ប៉ុន្តែគេជឿជាក់ថា រថយន្ត Toyota RAV4 Plug-in Hybrid អាចនឹងក្លាយជារថយន្តប្រភេទ Plug-in Hybrid ដ៏ពេញនិយមបំផុតលើទីផ្សារ ។ គួរឱ្យដឹងថា Toyota បានលក់ដាច់រថយន្ត RAV4 ច្រើនជាង ៤២៧ ០០០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៨ ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops