ស្មានមិនដល់ BMW 330e Plug-in Hybrid ថ្មី បើក ១០០ គ.ម៉ស៊ីតែ ១,៧ លីត្រ
រថយន្ត BMW 330e Plug-in Hybrid បានបង្ហាញខ្លួនកាលពីចុងឆ្នាំមុន ហើយឥឡូវនេះបានចេញលក់នៅលើទីផ្សារអឺរ៉ុប ។
វាដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៨៤ សេះ ព្រមទាំងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបាន ១០៩ សេះទៀត ។ ជាមួយគ្នានេះដែរ វាក៏បានបំពាក់មុខងារ XtraBoost ដែលបន្ថែមកម្លាំង ៤១ សេះទៀត (សម្រាប់ Sport Mode) ជួយដល់ការជាន់រយៈពេល ១០ វិនាទី ។ សរុបទៅ 330e Plug-in Hybrid នេះមានកម្លាំង ២៩២ សេះ ។
330e Plug-in Hybrid អាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៩ វិនាទី ហើយមានល្បឿនអតិបរមា ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និង មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ១,៧ លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ។ ដោយសារវាជារថយន្តប្រភេទ Plug-in Hybrid ដូច្នេះវាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦៦ គីឡូម៉ែត្រទៀតផង ។
ក្រៅពីនេះ 330e Plug-in Hybrid មានការរចនាផ្នែកខាងក្រៅ និង ខាងក្នុង ស្រដៀងស្ទើរតែទាំងស្រុងដូចរថយន្ត BMW 3-Series ស៊េរីថ្មីដទៃទៀតអីចឹង ៕
ដោយ ៖ ឡុង
ប្រភព ៖ paultan