ស្ងាត់ៗ! MG ចេញលក់ឡានភីកអាប់នៅថៃ តម្លៃមិនដល់ ២ ម៉ឺនដុល្លារ
MG បានដាក់បង្ហាញរថយន្តភីកអាប់ដំបូងបង្អស់របស់ខ្លួន ម៉ូដែល Extender នៅក្នុងប្រទេសថៃ ដែលជាអ្នកផលិតរថយន្តភីកអាប់ខ្នាតកណ្តាលធំបំផុតលើពិភពលោក ។
MG Extender ផលិតឡើងផ្នែកលើភីកអាប់ចិន SAIC Maxus T70 ដោយមានរូបរាងបែបហំ និង បំពាក់ម៉ាស៊ីនថ្មី ។ តួខ្លួនរបស់វាចែកចេញជាច្រើនប្រភេទ មានទាំងប្រភេទទ្វារ ២ និង ទ្វារ ៤ ។ MG អះអាងថា Extender មានផ្នែកខាងក្នុងធំទូលាយជាងរថយន្តភីកអាប់ណាៗទាំងអស់ ។
សូមបញ្ជាក់ថា MG Extender ប្រើម៉ាស៊ីនម៉ាស៊ូតថ្មី ចំណុះ ២,០ លីត្រ Diesel-turbo ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៦១ សេះ ដោយម៉ាស៊ីននេះផលិតដោយក្រុមហ៊ុន General Motors និង SAIC ។ វាមានទាំងជម្រើសប្រអប់លេខដៃ និង អូតូ ៦ វគ្គ ព្រមទាំងជម្រើសប្រព័ន្ធបើកបរប៉ុងមួយកាឡេកង់ក្រោយ និង ប៉ុងពីរផងដែរ ។
រថយន្តភីកអាប់របស់អង់គ្លេសនេះមានតម្លៃចាប់ពី ៥៤៩ ០០០ បាត (១៧ ៨០០ ដុល្លារ) រហូតដល់ ៧២៩ ០០០ បាត (២៣ ៧០០ ដុល្លារ) លើទីផ្សារប្រទេសថៃ ៕
ដោយ ៖ ឡុង
ប្រភព ៖ bangkokpost