ខែកញ្ញានេះ Ferrari នឹងចេញឡានថ្មី ២ ម៉ូដែល ហើយថែម ១ ទៀតនៅចុងឆ្នាំ
យើងបានដឹងរួចមកហើយថា ក្រុមហ៊ុនផលិតរថយន្តស្ព័រអ៊ីតាលី Ferrari មានគម្រោងបញ្ចេញរថយន្តថ្មីចំនួន ៥ ម៉ូដែលក្នុងឆ្នាំ ២០១៩ នេះ ។ ជាការពិតណាស់ Ferrari បានបញ្ចេញរថយន្តថ្មី ២ ម៉ូដែលរួចមកហើយ គឺ F8 Tributo និង SF90 Stradale Hybrid ។ ដូច្នេះវាមានន័យថា Ferrari នៅសល់ ៣ ម៉ូដែលទៀតដើម្បីបញ្ចេញក្នុងពេលឆាប់ៗនេះ ។
លោក Louis Camilleri នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអ៊ីតាលីខាងលើបានបញ្ជាក់ថា Ferrari នឹងបញ្ចេញរថយន្តថ្មី ២ ម៉ូដែលនៅក្នុងខែកញ្ញានេះ ។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ថាថ្ងៃណាឡើយ ។ ដោយឡែក លោក Camilleri ក៏បានបញ្ជាក់បន្ថែមថា Ferrari ម៉ូដែលទី ៣ នឹងបង្ហាញខ្លួនមុនដាច់ឆ្នាំ ២០១៩ នេះផងដែរ ។
យ៉ាងណាមិញ ក្នុងចំណោម ៣ ម៉ូដែលនោះ គេរពឹងថានឹងមាន SUV មួយដែរ ដើម្បីប្រជែងជាមួយ Lamborghini Urus និង Aston Martin DBX ។ រថយន្តតួខ្ពស់ដែលអាចបំពាក់ឈ្មោះ Purosangue នោះ ក៏អាចនឹងបំពាក់ម៉ាស៊ីន Turbocharged ទំហំ ៨ ស៊ីឡាំង ជាមួយនឹងជំនួយពីប្រព័ន្ធអគ្គិសនី ដែលបង្កើតកម្លាំងបានសរុប ៦៥០ សេះ ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops