BMW 530e ស៊ីសាំងតិចបំផុតត្រឹម ១,៥លីត្រ/១០០គ.ម៉ ហើយសាកភ្លើងបានទៀត!
BMW ទើបតែបានបង្ហាញរថយន្តម៉ូដែល 530e Plug-in Hybrid ដែលទទួលបានការអាប់ដេតថ្មីលើដំណើរការ និង លក្ខណៈពិសេសមួយចំនួន ។
ឥឡូវនេះ 530e Plug-in Hybrid បានបំពាក់អាគុយ lithium-ion កម្លាំង ១២ គីឡូវ៉ាត់ម៉ោង (ពីមុន ៩,២ គីឡូវ៉ាត់ម៉ោង) ដែលអនុញ្ញាតឱ្យវាធ្វើដំណើរដោយប្រើអាគុយសុទ្ធបានចម្ងាយចន្លោះពី ៦១ ទៅ ៦៦ គីឡូម៉ែត្រ (ពីមុន ៤៨ គីឡូវ៉ាត់ម៉ោង) ។ វាចំណាយពេល ៦ ម៉ោងដើម្បីសាកអាគុយពេញ ដោយប្រើប្រាស់ខ្សែសាកធម្មតា ឬ ត្រឹមតែ ៣ ម៉ោង និង ៣៥ នាទី ប៉ុណ្ណោះ បើប្រើប្រព័ន្ធសាក BMW i Wallbox ។
មិនតែប៉ុណ្ណោះ កម្រិតស៊ីសាំងរបស់ 530e នេះធ្លាក់មកសល់ប្រហែល ១,៥ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ (ពីមុន ២ លីត្រ) ។
សូមបញ្ជាក់ថា 530e ប្រើម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ២៥២ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ដែលអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រប្រើពេល ៦,១ វិនាទី ហើយមានល្បឿនអតិបរមា ២៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ៕
ដោយ ៖ ឡុង
ប្រភព ៖ pualtan