មកដឹងចំណុចពិសេស ឡាន Rolls-Royce រុស្ស៊ីបើកដំបូលបានរបស់លោក ពូទីន
កាលពីថ្ងៃទី ០៩ ឧសភា ២០១៩ កន្លងទៅនេះ ប្រទេសរុស្ស៊ីបានអបអរខួបលើកទី ៧៤ ឆ្នាំ នៃការយកឈ្នះលើកងទ័ព Nazi ដោយមានការចូលរួមពីទាហានជាង ១៣ ០០០ នាក់ ។ នៅក្នុងឱកាសនោះដែរ គេបានប្រទះឃើញលោក ពូទីន ប្រើប្រាស់រថយន្ត Rolls-Royce របស់រុស្ស៊ីអាចបើកដំបូលបានជាលើកដំបូងក្នុងក្បួនដង្ហែ ។
រថយន្តនោះមានឈ្មោះថា Aurus Senat ត្រូវបានផលិតនៅក្នុងប្រទេសរុស្ស៊ីផ្ទាល់តែម្តង ។ វាបានបង្ហាញខ្លួនជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន កាលពីឆ្នាំមុន ប៉ុន្តែឥឡូវនេះវាបានផ្លាស់ប្តូរមុខមាត់ថ្មី ជារថយន្តប្រភេទអាចបើកដំបូលបានវិញ ។
រថយន្ត Aurus Senat នេះមានទម្ងន់រហូតដល់ទៅ ៦ តោន ហើយប្រើម៉ាស៊ីន Hybrid ចំណុះ ៤,៤ លីត្រ ទំហំ ៨ ស៊ីឡាំង ជាមួយនឹងប្រអប់លេខអូតូ ៩ វគ្គ ។ វាក៏មានលក់ឱ្យប្រជាជនរុស្ស៊ីផងដែរ ក្នុងតម្លៃ ១៦០ ០០០ ដុល្លារ តែប្រើឈ្មោះ Aurus Sedan ហើយជាប្រភេទរថយន្តដំបូលបិទជិតធម្មតា ។
រថយន្ត Aurus Sedan មានប្រវែងខ្លីជាងរថយន្ត Aurus Senat ។ វាផលិតឡើងដោយប្រើប្រាស់នូវវត្ថុធាតុដើមមានគុណភាពខ្ពស់ ដូចជាស្បែកសត្វតម្លៃថ្លៃផលិតនៅរុស្សី និង លោហធាតុដែលមានភាពរឹងមាំបំផុត ។ ផ្នែកខាងមុខមាននូវប្រព័ន្ធកម្សាន្តដ៏ទំនើប ដោយមានអេក្រង់ទំហំធំសម្រាប់បញ្ជាមុខងារផ្សេងៗ ។
ម៉ាក Aurus ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ដោយពាក្យ “Au” ជាពាក្យកាត់នៃ “Aurum” មានន័យថា “មាស” នៅក្នុងភាសាឡាទីន ។ ចំណែកឯពាក្យ “Rus” ជាពាក្យកាត់នៃ “Russian” មានន័យថា “ជនជាតិរុស្ស៊ី” ក្នុងភាសារុស្ស៊ី ៕
ប្រភព ៖ zing