វិធីងាយៗសម្គាល់ពណ៌ប្រេងប្រអប់លេខ និង ពេលត្រូវប្តូរវាចេញ កុំឱ្យហួសពេលទាន់
ជាទូទៅ ប្រេងប្រអប់លេខធម្មតាមានពណ៌ក្រហម ប៉ុន្តែពេលខ្លះវាក៏មានពណ៌ខៀវ ឬ លឿងដែរ អាស្រ័យលើក្រុមហ៊ុនផលិតប៉ុណ្ណោះ ។ ពណ៌ប្រេងប្រអប់លេខ នឹងប្រែទៅជាខ្មៅបន្តិចម្តងៗ ដែលបង្ហាញពីវត្តមាននៃភាពកខ្វក់ និង ធូលីដី ។ ដំណើរការនៃប្រអប់លេខនឹងខ្សោយ នៅពេលដែលមានភាពកខ្វក់ច្រើនជាងធម្មតា ។
ប្រេងប្រអប់លេខ ត្រូវតែស្ថិតនៅក្នុងស្ថានភាពល្អជានិច្ច ដើម្បីធានាដល់អាយុកាលប្រអប់លេខយូរអង្វែង ដូច្នេះវាចាំបាច់ណាស់ក្នុងការសម្គាល់មើលពណ៌ប្រេង ។
- ពណ៌ត្នោតខ្ចី
ប្រេងស្ថិតនៅសភាពល្អ គ្មានអ្វីគួរឱ្យបារម្ភឡើយ ។ អ្នកគ្រាន់តែរក្សាការមើលថែតាមធម្មតា និង ពិនិត្យមើលក្រែងមានកន្លែងលេចធ្លាយទៅបានហើយ ។
- ពណ៌ត្នោតចាស់
វាបង្ហាញថាប្រេងកខ្វក់ ហើយមិនអាចផ្តល់ភាពរអិលគ្រប់គ្រាន់សម្រាប់ប្រអប់លេខឡើយ ។ ជាលទ្ធផល បណ្តុំគ្រឿងផ្សំផ្នែកខាងក្នុងប្រអប់លេខសឹកកាន់តែលឿន និង រងការខូចខាតទៀតផង ។ កង្វះភាពរអិលក៏បង្កឱ្យកើនកម្តៅ ធ្វើឱ្យខូចប្រអប់លេខផងដែរ ។
- ពណ៌ខ្មៅ ឬ ពណ៌ត្នោតចាស់ខ្លាំង
ប្រេងប្រអប់លេខឈានចូលដល់ពណ៌ខ្មៅបែបនេះ អ្នកត្រូវតែផ្លាស់ប្តូរវាចេញភ្លាមៗ ។
- ពណ៌ផ្កាឈូកខ្ចី
កុំឃើញពណ៌បែបនេះ ហើយគិតថាមិនអីនោះ ។ ពណ៌បែបនេះមានន័យថា ទឹកស្អំ ឬ ទឹក បានលេចលាយចូលគ្នាជាមួយប្រេងប្រអប់លេខបាត់ទៅហើយ ។ វាអាចជ្រាបពីធុងទឹកចូលទៅធុងប្រេងប្រអប់លេខ តាមរយៈទុយោទឹកស្អំដែលលេចធ្លាយ ឬ ខូច ។ ករណីទឹកស្អំក្នុងប្រេងប្រអប់លេខបែបនេះ ក៏អាចនាំឱ្យខូចប្រអប់លេខដែរ ។
តើត្រូវផ្លាស់ប្តូរប្រេងប្រអប់លេខនៅពេលណា ?
ការផ្លាស់ប្តូរប្រេងប្រអប់លេខតាមការណែនាំដែលមានក្នុងសៀវភៅ (owner’s manual) នឹងរក្សាប្រអប់លេខឱ្យល្អ ។ ជាទូទៅ គេផ្លាស់ប្តូរវារៀងរាល់ ២ ឆ្នាំម្តង ឬ ពី ៥ ទៅ ៨ ម៉ឺនគីឡូម៉ែត្រម្តង ។ ផ្ទុយទៅវិញ រថយន្តដែលដឹកធ្ងន់ៗត្រូវផ្លាស់ប្តូរញឹកញាប់ជាងនេះ ដោយសារតែប្រអប់លេខឆាប់ក្តៅ ព្រោះតែការដឹកធ្ងន់ ។
បញ្ជាក់ ៖ អ្នកគួរផ្លាស់ប្តូរប្រេងប្រអប់លេខ នៅពេលដែលវាប្រែទៅជាពណ៌ត្នោតចាស់ ហើយកុំចាំដល់វាប្រែទៅជាពណ៌ខ្មៅឱ្យសោះ ឬ ប្តូរវាតាមសៀវភៅ (owner’s manual) ដែលភ្ជាប់មកជាមួយរថយន្តស្រាប់ ៕
ដោយ ៖ ឡុង
ប្រភព ៖ carfromjapan