បុរសនៅឥណ្ឌាម្នាក់ ត្រូវគ្រូពេទ្យប្រទះឃើញគ្រឿងបន្ទះលោហៈប្រហែល ៤០ មុខនៅក្នុងពោះ ក្រោយការវះកាត់ ២ ដង
ថ្មីៗនេះក្រុមគ្រូពេទ្យនៅប្រទេសឥណ្ឌាបានរកឃើញលោហៈសរុបទៅប្រហែល ៤០ មុខនៅក្នុងពោះរបស់បុរសម្នាក់ ដែលមានដូចជា កាក់ សោ ស៊ីមកាត និង បំណែកគ្រឿងអេឡិចត្រូនិកជាដើម ។
បុរសដែលនៅក្នុងខ្លួនផ្ទុកទៅដោយលោហៈខាងលើមានឈ្មោះ Jayakumar អាយុ ៥២ ឆ្នាំ ជាមនុស្សមានជំងឺវិកលចរិក ហើយក្រុមគ្រួសាររបស់គាត់មិនដឹងថាគាត់ចាប់ផ្តើមលេបលោហៈធាតុទាំងនេះតាំងពីពេលណាឡើយ ។
ប្រភពបានឲ្យដឹងថា មុនឈានទៅដល់ការវះកាត់ អ្នកជំងឺមានអាការឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង ហើយក្រុមគ្រួសារក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួចក្រុមគ្រូពេទ្យ ក៏បានចំណាយពេល ៤៥ នាទីទៅលើការវះកាត់ចំនួន ២ ដងដោយទទួលបានជោគជ័យ ។ លើកទី ១ ក្រុមគ្រូពេទ្យអាចយកលោហៈធាតុបានចំនួន ២២ ហើយបន្ទាប់មកចំនួន ១៨ ផ្សេងទៀត ។ គ្រូពេទ្យបានបញ្ជាក់ថា នេះជាសំណាងល្អហើយ សម្រាប់អ្នកជំងឺដែលមកមន្ទីរពេទ្យទាន់ពេល ហើយប្រសិនបើមិនដូច្នេះទេគាត់អាចស្លាប់បាន ៕
ដោយ៖ ម៉ានី
ប្រភព៖ Dailymail