នៅអឺរ៉ុបសម័យបុរាណ សូម្បីតែសត្វក៏ត្រូវបានគេកាត់ទោសដែរ គ្មានការលើកលែងទេ
ជារឿងដ៏ចម្លែក និង មិននឹកស្មានមួយ បន្ទាប់ពីការសិក្សាស្រាវជ្រាវបានរកឃើញភ័ស្ដុតាងមួយ គឺនាឆ្នាំ ១២៦៦ នៅសង្កាត់ Fontenay-aux-Roses (ឈ្មោះពីបុរាណ តែបច្ចុប្បន្នតំបន់នេះស្ថិតនៅចំកណ្ដាលទីក្រុងប៉ារីសប្រទេសបារាំង) មានការបើកសានាការកាត់ទោសប្រហារជីវិតសត្វជ្រូកមួយក្បាល បន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់មនុស្ស ។
គេបានដឹងថា នៅក្នុងប្រទេសជាច្រើននៃអឺរ៉ុបបុរាណ ការកាត់ទោសសត្វ គឺអូសបន្លាយដល់សតវត្សទី ១៨ ហើយការប្ដឹងផ្ដល់សត្វ រហូតឈានដល់ដាក់ទោសនេះ គឺទៅតាមពាក្យបណ្ដឹងរបស់មនុស្សចោទប្រកាន់ទៅលើសត្វទាំងនោះដូចជាករណីបំផ្លិចបំផ្លាញ និង ឃាតកម្មជាដើម (សត្វសម្លាប់មនុស្ស) ហើយចំពោះទម្ងន់ទោសគឺមានដូចជាត្រូវនិរទេស និង ប្រហារជីវិត។
តាមការស្រាវជ្រាវបានឲ្យដឹងទៀតថា អ្នកទោសជាសត្វ គឺត្រូវមានអាយុពាក់កណ្ដាលជីវិតរបស់វា ហើយរាល់ពេលបើកសវនាការម្ដងៗ ក៏មានមេធាវីការពារជនជាប់ចោទ (សត្វ) ដែរ ។ ភាគច្រើនសត្វដែលត្រូវបានយកមកជំនុំជម្រះក្ដី គឺកម្រនឹងមានសត្វណាឈ្នះក្ដីមនុស្សណាស់ ប៉ុន្តែនៅឆ្នាំ ១៧៥០ គេបានដឹងថា មានសត្វលាមួយក្បាលត្រូវបានឈ្នះក្ដី និង ដោះលែងឱ្យមានសេរីភាព បន្ទាប់ពីរកឃើញថាវាមានកប្បកិរិយាល្អ ដោយឡែកសម្រាប់ក្រុមមនុស្សដែលចោទប្រកាន់សត្វលានោះ ត្រូវបានកាត់ទោសប្រហារជីវិតជំនួសវិញ ៕
ប្រភព ៖ brightside